
- សម្តេចធិបតី បានកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងទៅ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេចធិបតី ក៏បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដ៏ស្មោះស្ម័គ្រជូនវីរកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ សម្តេចធិបតី បានគូសបញ្ជាក់ថា បទពិសោធនៃសង្គ្រាមដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេពោលគឺមានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ សម្តេចធិបតី ក៏បានថ្លែងអរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិក្រសួងមហាផ្ទៃ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រដ្ឋបាលខេត្តទាំង៧ នៅជាប់ព្រំដែនថៃ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី ការដោះស្រាយបញ្ហាជនភៀសខ្លួន ការធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការងារនេះរួមគ្នាបន្តទៀត។
បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះឆ្នាំនេះនឹងមានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលនឹងរងផលប៉ះពាល់។
ក្រៅពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានទីភ្នាក់ងារ JICA ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម