October 13, 2025

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិនចុងសប្តាហ៍នេះ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិនចុងសប្តាហ៍នេះ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅ​សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥។

កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​ដៃ​គូអ​ភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​សេចក្តី​ថ្លែង​ការណ៍​ទី​ក្រុង​ប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងជាប្រព័ន្ធស្តង់​ដារ​ជា​សកលសម្រាប់​ជំរុញ​សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូ​ទំាង​ពិភព​លោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត សម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីទំាងអស់ និងគោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃ សេចក្តីប្រកាសទីក្រុងប៉េកំាង សម្តេចប្រធានរដ្ឋសភានឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុត និងមានទស្សនៈវែងឆ្ងាយ របស់សភាក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា ចាប់តំាងពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជា ក្រោមពាក្សស្លោកថា ”ស្ត្រី គឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច”។

អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះ សម្តេចប្រធានរដ្ឋសភាមានគម្រោងជួបពិភាក្សារងារជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះមាន ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ផងដែរក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យមានពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ កសិកម្ម ទេសចរណ៍ជាដើម៕

You may have missed