សិង្ហបុរី ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋអាជ្ញាសិង្ហបុរី លោក Edwin Tong បាននិយាយនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញថា រដ្ឋាភិបាលសិង្ហបុរីនឹងពិចារណាធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ថ្មី ដើម្បីប្រឆាំងទប់ស្កាត់ចំពោះការជ្រៀតជ្រែកពីបរទេស ដែលមានគោលដៅចង់បង្កបញ្ហា និងបំផ្លិចបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៃប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។
លោក Tong បានធ្វើការឡើងខាងលើជាការឆ្លើយតបក្នុងនាមនាយករដ្ឋមន្រ្តី Lee Hsien Loong ចំពោះសំណួររបស់សមាជិកសភាសិង្ហបុរី លោកស្រី Cheng Li Hui ដែលបានចោទសួរអំពីមេរៀនអ្វីខ្លះដែលសិង្ហបុរីអាចរៀនសូត្របានពីឧទាហរណ៍នៃករណីលូកដៃរបស់បរទេសនៅក្នុងដំណើរការបោះឆ្នោតក៏ដូចជាកិច្ចនយោបាយ ដែលបានកើតមានចំលើប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម ហើយតើវាមានភាពចាំបាច់ដែរឬទេ ក្នុងការដាក់ចេញច្បាប់ថ្មីៗ ឬក៏ពង្រឹងច្បាប់នានាដែលមានស្រាប់ ដើម្បីដោះស្រាយការគំរាមកំហែងនេះ។
លោក Edwin Tong បានលើកឡើងដូច្នេះថា «ក្នុងឆ្នាំនេះរដ្ឋាភិបាលនឹងធ្វើការពិចារណាបង្កើតច្បាប់ទាក់ទិននឹងបញ្ហានៃការផ្សព្វផ្សាយព័ត៌មានបំភ្លៃដោយចេតនាតាមបណ្តាញអ៊ីនធើណែត ក៏ដូចជាយុទ្ធនាការជះឥទ្ធិពលរបស់បរទេសដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសយើង»។
ជុំវិញបញ្ហានៃការជ្រៀតជ្រែកពីបរទេស លោក Tong បានរម្លឹកថា សិង្ហបុរីធ្លាប់បានជួបបញ្ហានេះប៉ុន្មានដងមកហើយ តួយ៉ាងកាលពីទសវត្ស៍៧០ សារព័ត៌មានសិង្ហបុរីចំនួនពីរ បានទទួលសំណូកពីបរទេស ហើយព្យាយាមបំផ្លាញរដ្ឋាភិបាលរបស់ខ្លួន។ ករណីផ្សេងទៀត រួមមាន លោក Huang Jing ជាអតីតសាស្រ្តចារ្យនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ដែលត្រូវបានបណ្តេញចេញពីសិង្ហបុរី បន្ទាប់ពីត្រូវគេរកឃើញថា លោកបានដើរតួនាទីជាដៃជើងបម្រើឲ្យបរទេស ដើម្បីជះឥទ្ធិពលក្នុងប្រទេសសិង្ហបុរីជាដើម៕
More Stories
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព