បាងកក ៖ អាជ្ញាធរនិយតករទូរគមនាគមន៍នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ប៉ុស្តិ៍ទូរទស្សន៍មួយ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ ខណៈដែលការបោះឆ្នោតសាកលនឹងប្រព្រឹត្តនាខែក្រោយ។ នេះបើតាមការផ្សាយចេញដោយសារព័ត៌មាន Channel News Asia។
គណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC) បានឲ្យដឹងថា កម្មវិធីធំៗពីរបស់ប៉ុស្តិ៍ទូរទស្សន៍ Voice TV រួមមាន ៖ Tonight Thailand និង Wake Up News បានចែកចាយព័ត៌មានដែលបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំ និងខ្វែងគំនិតគ្នា ប៉ុន្តែមិនមានការបញ្ជាក់លម្អិតច្បាស់នោះឡើយ។ សម្អាងលើហេតុនេះ NBTC បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ Voice TV រយៈពេល១៥ថ្ងៃ ដើម្បីឲ្យប៉ុស្តិ៍ទូរទស្សន៍នេះកែខ្លួនឲ្យត្រឹមត្រូវ។
ប៉ុស្តិ៍ទូរទស្សន៍ Voice TV គឺជាកម្មសិទ្ធិរបស់កូនៗពីរនាក់របស់លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៦ ហើយកំពុងរស់នៅឯក្រៅប្រទេសដោយការនិរទេសខ្លួន ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីរត់គេចការចោទប្រកាន់ពីបទពុករលួយ ដែលលោកបានអះអាងថា មានចេតនានយោបាយនៅពីខាងក្រោយ។
ប៉ុស្តិ៍ទូរទស្សន៍ខាងលើកន្លងមកក៏ធ្លាប់ត្រូវបានបិទ០២ដងមកហើយផងដែរ ដោយលើកទីមួយនៅពីរថ្ងៃមុនរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលបានធ្វើឲ្យប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅឯក្រៅប្រទេសថៃដូចគ្នា ជ្រុះចេញពីកៅអីនាយករដ្ឋមន្រ្តី ហើយមួយលើកទៀតនៅឆ្នាំ២០១៧។
សូមជម្រាបថា ថៃនឹងធ្វើការបោះឆ្នោតសកលលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ៕
More Stories
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព