Mon. Jun 2nd, 2025

ក្បួនរថយន្តដឹកគ្រឿងអេឡិចត្រូនិកផ្ទេរដឹកឆ្លងទៅវៀតណាមទាំងកណ្តាលអធ្រាត្រសង្ស័យមានអីមិនស្រួល ខណៈសមត្ថកិច្ចឈរជើងនៅទីនោះចាំបើកប៉ារ៉ាស់ឲ្យទៀត

ខេត្តស្វាយរៀង ៖ ស្ទើរជារៀងរាល់ចាប់ពីវេលាម៉ោងប្រហែល៨ជាងនាទីយប់គេឃើញមានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៥ទៅ៦ គ្រឿងផ្ទុកទំនិញពេញគ្របជិតសង្ស័យថា មានដឹកអ្វីពិសេសហើយទើបបើកឆ្លងដែនប៉ុស្តិ៍របៀងព្រំដែនសំយ៉ោង ស្ថិតនៅឃុំសំយ៉ោង ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងដើម្បីផ្ទេរទំនិញដាក់។ ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះមានរថយន្តពាក់ស្លាកលេខវៀតណាមផ្សេងចេញពីវៀតណាមទាំងយប់អធ្រាត្រដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារនិងបើកបារ៉ាស់ជូនដំណើរឲ្យទៀត។

ពាក់ព័ន្ធទៅនឹងហ្វូងរថយន្តដឹកទំនិញដែលនិយមឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះក្រុមអ្នកសារព័ត៌មានពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោងបានទេនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដោយសារគ្មានប្រភពទាក់ទង ហើយម៉្យាងទៀតលោកនាយប៉ុស្តិ៍រូបនេះក៏មិនសូវនៅកន្លែងដែរ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តទាំងអស់នេះមានទំនិញ ដូចជា គ្រឿងអេឡិចត្រូនិក ជជុះ ដូចជា ៖ ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ ម៉ាស៊ីនបោកខោអាវ កង់ ពុំមានអ្វីសំខាន់នោះទេ ហើយក៏គ្មានខុសច្បាប់ដែរគេបង់គយនៅកំពង់សោមរួចហើយ។

ដោយឡែកពលរដ្ឋ ក៏ដូចជាភ្នែកមហាជនដែលរស់នៅតំបន់នោះចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា « ឲ្យតែពេលប្រលប់ៗគឺតែងតែមានរថយន្តធំៗផ្ទុកទំនិញពេញគ្របតង់កៅស៊ូជិតឆ្លងតាមច្រករបៀងព្រំដែនសំយ៉ោងនេះរហូតមិនដឹងថា ដឹកអីនោះទេ រហូតដល់ម៉ោង១១ទៅ ១២អធ្រាត្រទើបឃើញមានក្បួនរថយន្តទាំងអស់នោះបើកចេញមកវិញដោយរថយន្តទទេស្អាត»។

សំណួរសួរថា ចុះបើទំនិញស្របច្បាប់ចំាបាច់អីចងតង់បិទជិត ហើយចេញតែពេលយប់ និងចេញឆ្លងដែនទៅក្រៅប្រទេសតាមច្រករបៀងដូច្នេះមិនព្រមចេញតាមច្រកទ្វារអន្តរជាតិ រឺច្រកតំបន់ដែលមានមន្ត្រីជំនាញគ្រប់ស្ថាប័ននៅទីនោះប្រចាំការត្រួតពិនិត្យ? មានអ្វីនៅក្នុងក្បួនរថយន្តទាំងនោះមែន?

ប្រភពដដែលបានឱ្យដឹងទៀតថា រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំងយប់នេះគឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយតាំងពីលើ មកទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេសតាមច្រករបៀងបានគ្មានអ្នកមករំខានដូច្នេះ តែបើអ្នកកាសែតចង់ចាប់ទំនិញក៏សូមអញ្ជើញមួយសេរីគ្មានបញ្ហាទេ sic !

សូមបញ្ជាក់ផងដែរថា កន្លងមកសមត្ថកិច្ចធ្លាប់ធ្វើការឃាត់ និងធ្វើការឆែកឆេរ ដោយមានការសម្រមសម្រួលដោយលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលរួមដោយមន្ត្រីគយ និងរដ្ឋាករខេត្ត នគរបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិក រួមមានស្រា Hennessy XO ដបធំ ដបវែង រាប់សិបកេស និងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀត៕