Sun. Apr 28th, 2024

អ្នក​នាំពាក្យ​៖រាជរដ្ឋាភិបាលកម្ពុជា​នៅតែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​និង​​ទំនាក់ទំនង​​ល្អ​រវាង​​កម្ពុជា​​-​អាមេរិក​

  1. ជា​ថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ពី​«ទំនាក់​ទំនង​ល្អ​និងជា​ប្រវត្តិ​សាស្ត្រ»រវាង​កម្ពុជា​និង​សហរដ្ឋ​អាមរិក។សេចក្តីអះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក ​រស់ ចន្ត្រាបុត្រ ​បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក​ សម រង្ស៊ី ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។លោក ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាលបាន​រៀបរាប់​លើ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោកថា «រាជរដ្ឋាភិបាល​នៅតែ​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ ​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​ ​និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អាមេរិក​»។​ ​លោក​​បញ្ជាក់​បន្ថែម​ថា ​«កិច្ចសហការ​ជិតស្និទ្ធ​ ​និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជាតិ​ទាំងពីរ​នេះ​ ​នៅតែ​បង្ហាញ​ភាព​សកម្ម​ ​និង​ជិតស្និទ្ធ​ជាច្រើន​វិស័យ​ ​ដូចជា នៅ​ក្នុង​វិស័យ​ដោះ​មីន​ វិស័យ​អប់រំ​ ​កសិកម្ម​ ​បេតិកភណ្ឌ​ ​និង​ក្នុង​ការ​រួមគ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ជាដើម​»។
    នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍​មុន លោកបណ្ឌិត រស់ ចន្ត្រាបុត្រ​ ​ជា​សមាជិក​បណ្ឌិត​សភាចារ្យ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​រៀបចំ​ផែនការ​សម្រាប់​លោក​ សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​បច្ចុប្បន្ន។ការចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ លោក Patrick Murphy ទើប​នឹង​មកដល់​បានមួយ​ថ្ងៃ។លោក​ ផៃ ស៊ីផាន ពន្យល់​មកវិញថា​«​ផលប្រយោជន៍​ ​និង​ទស្សនៈ​យល់ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ ​ដែល​បាន​លើកឡើង​នៅ​សន្និសីទ​សារព័ត៌មាន​នោះ​ ​គឺ​គ្រាន់តែ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​យោបល់​ ​មិនមែន​ជា​ជំហររបស់​រាជរដ្ឋាភិបាល​ឡើយ»​។
    ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​មួយ​ចំនួន​ក្នុង​ពេលអវត្តមានឯក​អគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ជាច្រើន​ខែ។ ការ​ប៉ះទង្គិច​គ្នា​នោះ​កើត​ឡើង​ក្រោយ​ពី​ស្ថានទូតបាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចាប់​ខ្លួន​និង​ចោទប្រកាន់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​រីក​រាល​ដាល​ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ ដោយ​មិន​មានការ​ជម្រះ​ទោស៕

You may have missed