Fri. Mar 29th, 2024

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកានេះ បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន១៩១,៧៤៤ដុល្លារ ដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់ គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថាន តាមបែបអនុវត្តជាដើម នៅវិទ្យាស្ថានគរុកោសល្យ (TEC) ឆ្នាំទី៣។

​ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះបានធ្វើឡើងដោយក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា និងលោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ នាយិកាអង្គការ ature Center Risen នៅឯស្ថានទូតជប៉ុន។

ក្នុ​ងគម្រោងនេះ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្តុះបណ្តាលអំពី បរិស្ថានអប់រំ ជាបន្តបន្ទាប់ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈការកែសម្រួលសៀវភៅណែនាំសម្រាប់គ្រូបោះពុម្ពសៀវភៅអប់រំ បរិស្ថាន និងផ្តល់ការគាំទ្រ ដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ។ វានឹងជួយធ្វើឱ្យប្រជាជនកម្ពុជា កាន់តែយល់ដឹងអំពីបញ្ហាបរិស្ថាន។

ក​ម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និ​ងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ​ចាប់តាំងពីឆ្នាំ២០០២ ​មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣៧លានដុល្លារអាមេរិក ដល់គម្រោងចំនួន១២១ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា ។

នៅ​ក្នុងឱកាសនោះ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងថា រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ១៩ម៉ឺនដុល្លារ ដល់អង្គការ Nature Center Risen។ រហូតមកដល់ពេលនេះអង្គការបានអនុវត្តការអប់រំបរិស្ថានជាក់ស្តែង ដើម្បីសិក្សាអំពីសារៈសំខាន់ នៃបរិស្ថានធម្មជាតិ ក្នុងវិទ្យាស្ថានគរុកោសល្យនៅទីក្រុងភ្នំពេញនិងខេត្តបាត់ដំបង។

លោ​កបន្តថា ក្នុងគម្រោងឆ្នាំនេះ អង្គកា​រនឹងកែសម្រួលសៀវភៅ ណែនាំក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពបង្រៀន របស់មន្ត្រីអប់រំបរិស្ថាន បោះពុម្ពសៀវភៅអប់រំបរិស្ថាន សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា និងគាំទ្រដល់ការអនុវត្តការអប់រំបរិស្ថាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលត្រមត្តេយ្យ។ តាមរយៈគម្រោងនេះយើងរំពឹងថា នឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីការអភិរក្សបរិស្ថាន ដើម្បីអភិរក្សធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា និងកែលម្អបរិស្ថានរស់នៅរបស់ប្រជាជន៕

You may have missed