Wed. Jun 4th, 2025

ភ្នំពេញ ៖ លោក កែវ សុធា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរងធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេច ដោះលែងបុរស ជាជនសង្ស័យដែលពាក់ព័ន្ធករណី ឆបោកលុយ របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាង ៧ម៉ឺនដុល្លារ ដោយសារជនរងគ្រោះដកពាក្យបណ្ដឹង។  នេះបើយោងតាមប្រភពពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កាយ ម៉េង អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

គួររម្លឹកថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួន ជនសង្ស័យឈ្មោះ កាយ ម៉េង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ  តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដាក់ពាក្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយប្ដឹងពីឈ្មោះ កាង ម៉េង និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយ តែព្យាយាមគេចវេសមិនព្រមសង៕