Fri. Apr 19th, 2024

រថយន្តទ្រុងដឹកឥវ៉ាន់បុករះរថយន្តកង់បី៤គ្រឿងខ្ទេចពេញផ្លូវ

រថយន្តទ្រុងដឹកអីវ៉ាន់ បុករះរថយន្តនិងកង់បី៤គ្រឿងទៀត ខ្ទេចពេញផ្លូវ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តទ្រុងដឹកអីវ៉ាន់មួយគ្រឿង បើកបរក្នុងល្បឿនលឿន រេចង្កូតបុករះរថយន្តនិងរ៉ឺម៉កកង់បី សរុបចំនួន៤គ្រឿងទៀត រងការខូចខាត និងរ៉ឺម៉កកង់បីវិញក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នៅផ្លូវចោមចៅ​ មុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទ្រុងដឹកអីវ៉ាន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6267 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុករថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8672 ចំពីក្រោយពេញទំហឹង រុញផ្ទប់បង្គោលស្លាកប៉ាណូ១ដើម បណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង រួចរថយន្តបង្កនេះ ព្យាយាមបើករត់ ជ្រុលទៅកៀររថយន្តឡិចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6776 រងការខូចខាតកាងក្រោយ រួចជ្រុលបន្តទៅបុករថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-0819 បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខនិងចំហៀងខ្លួន ហើយនៅមិនព្រមឈប់ទៀត បន្តទៅបុកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AB-9538 បណ្ដាលឲ្យក្រឡាប់ បន្តជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 2A-8297 មួយតង់ទៀត ទើបអស់ល្បឿនទៅមុខលែងរួច។ ភ្លាមៗអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទាំង៥គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

You may have missed