Fri. Apr 19th, 2024

នៅព្រឹកថ្ងៃសៅរ៍១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំចុះពិនិត្យមើលស្ថានភាពនៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣ និងពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អកនៅតាមដងទន្លេសាប ក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល និងសហការី ។
កម្មវិធីទី១៖
ពិនិត្យការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ នៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ÷
យោងតាមរសេចក្តីរាយការណ៍របស់លោកតំណាង ម្ចាស់កសិដ្ឋាន សុខ វី បានឲ្យដឹងថា គាត់បានចិញ្ចឹមត្រីឆ្តោ និងត្រីប្រា បានចំនួនជាងដប់ឆ្នាំហើយ ដែលក្នុងមួយឆ្នាំៗ អាចប្រមូលផលបានចំនួនជាង មួយពាន់តោន ហើយអាចទទួលបានប្រាក់ចំណូលប្រមាណជាង ដប់ម៉ឺនដុល្លារអាមេរិក។ សូមបញ្ជាក់ថា នៅក្នុងភូមិតាពៅមានកសិដ្ឋានចិញ្ចឹមត្រីប្រភេទធំនេះមានចំនួនបីកន្លែង និងមានការចិញ្ចឹមជាលក្ខណៈគ្រួសារមួយចំនួនទៀត ។
កម្មវិធីទី២៖
ពិនិត្យការប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៥ នៅភូមិតាពៅ ឃុំកោះចិន÷
យោយតាមសេចក្តីរាយការរបស់ម្ចាស់ដាយបានបញ្ជាក់ឲ្យដឹងថា ត្រីបានចាប់ផ្តើមចុះពីទន្លេសាប ចាប់ថ្ងៃទី ៩កើត ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដែលទទួលបានផលជាមធ្យម ១០០ ទៅ៥០០ គក្រ ក្នុងមួយម៉ោង ហើយដោយឡែងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ នៅដាយលេខ១៥នេះ អាចទទួលផលត្រី បានចំនួនបីតោន ហើយសង្ឃឹមថាពេលរសៀលអាចកើនឡើងដល់ ៥ តោន នៅពេលលើកម្តងៗ ។
កម្មវិធីទី៣៖
ពិនិត្យសកម្មភាពប្រជាពលរដ្ឋមកធ្វើប្រហុក÷
តាមរយៈការចុះពិនិត្យផ្ទាល់ បានពិនិត្យឃើញថាមានប្រជាពលរដ្ឋជាច្រើនមកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តកំពង់ឆ្នាំងបានធ្វើដំណើរមកកាន់ ស្រុកពញាឮ ពីព្រលឹម ដើម្បីទិញត្រីធ្វើប្រហុក ដោយមួយគ្រួសារបានទិញត្រី ពី៣០ ទៅជាង ១០០ គក្រ តាមគ្រួសារតូច ធំ ហើយបន្ទាប់ពីបានកាត់ក្បាលត្រី និងលាងសម្អាតរួច ប្រជាពលរដ្ឋនឹងត្រឡប់ទៅផ្ទះវិញនៅពេលរសៀល ។ ដោយឡែកចំពោះតម្លៃត្រីវិញ គឺមានតម្លៃប្រមាណពី ២០០០ ទៅ ៦០០០ រៀល ក្នុងមួយគីឡូក្រាមអាស្រ័យទៅតាមប្រភេទ និងទំហំត្រី៕

You may have missed