Thu. Mar 28th, 2024

សម្ដេចក្រទ្បាហោមសខេងបានគូសបញ្ជាក់ថាសមត្ថកិច្ចនឹងមិនឃាត់អ្នកដំណេីរប្រកបដោយការគោរពច្បាប់ដេីម្បីសួរនាំរកឯកសារនោះទេ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

មុនចាប់ផ្ដើមកិច្ចប្រជុំអំពីរបៀបវារៈខាងលើ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។

សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

នៅពេលប្រកាសដាក់ចេញវិធានការនេះ សម្ដេចបានមានប្រសាសន៍ថា មានទស្សនៈមួយចំនួនបានលើកឡើងថាវិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ ។ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញថាការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។

សម្ដេចបានគូសបញ្ជាក់ថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល ។

ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះវិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកឬប្រធានអង្គភាពប្រហាក់ប្រហែលនានា ដែលបានខិតខំបំពេញភារកិច្ចទៅតាមការបែងចែករបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ទាំងការងារក្រសួង និងការងារនៅតាមមូលដ្ឋាន ដូចបណ្ដាក្រសួងស្ថាប័នផ្សេងទៀតដែរ។

  1. សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាក្រៅតែពីលទ្ធផលល្អនៃការងារប្រចាំថ្ងៃនៅក្រសួង ការចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងដាក់ចេញគោលនយោបាយ យន្តការនានាត្រូវនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចបានរំលឹកថាកន្លងមក របបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថានយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍រំលឹកអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបានប្រគល់ជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ថ្លែងជូនអង្គប្រជុំ អំពីសេចក្ដីព្រាងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលនៃក្រសួងមហាផ្ទៃ សម្ដេច និងអង្គប្រជុំក៏បានបន្តការពិភាក្សាលម្អិតអំពីសេចក្ដីព្រាងនេះ៕ដោយ យ៉ុន សុខឃីម

You may have missed