
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ខ្ញុំសូមផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំង
១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ៖
. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ
. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ
. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា
. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
២. បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សាជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។
៣. ខ្ញុំក៏សូមអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង។
ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
More Stories
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម
សម្តេចតេជោ ហ៊ុន សែន៖ ពួកចោរសៀមឈ្លានពានទឹកដីខ្មែរ និងរំខាន Facebook ហើយប៉ាន់ស្មានថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប