
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នាំភាពកក់ក្ដៅនិងថាមពលអង់អាចពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី
…………………..
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកា ដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ចការពារដែនអធិបតេយ្យភាពជាតិ ជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។
ពិធីសំណេះសំណាលបានធ្វើឡើងនៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់មុំបី ព្រំដែនកម្ពុជា ថៃ និងឡាវ ដោយក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងអំណរគុណឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅគ្រប់បែបយ៉ាងដល់នគរបាលការពារព្រំដែន។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ក៏បាននាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបាននិងកំពុងអនុវត្តនូវបទបញ្ជាសហការការពារជាដាច់ខាត ដែនអធិបតេយ្យភាពជាតិ និងបានថ្លែងចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃ នាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី ខេត្ត បានសហការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំទ្រជំនួយស្បៀងអាហារសម្ភារៈ ដល់នគរបាលការពារព្រំដែន ជាក់ស្ដែងចុងក្រោយនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត រាជធានីភ្នំពេញ និងនៅថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងនាំមកនូវជំនួយគាំទ្រជាច្រើនផងដែរ។
ជាការកត់សម្គាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា បានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ។
ទោះបីជាអាកាសធាតុនៅតំបន់មុំបី មានភ្លៀងរលឹមឥតដាច់ ទាំងយប់ ទាំងថ្ងៃ និងទាំងក្នុងឱកាសនៃការប្រារព្ធពិធីសំណេះសំណាល ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន ដែលចូលរួមនាឱកាសនោះ បានទទួលនូវថាមពលផ្លូវចិត្តប្រកបដោយភាពកក់ក្ដៅ និងស្មារតីកាន់តែអង់អាចក្លាហាន។ លោកបន្តថា ក្នុងបរិយាកាសប្រកបដោយភាពជឿជាក់ និងមោទនភាពនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ក៏ប្រកាសពីជំនួយគាំទ្រដែលនាំមកជូននាឱកាសនេះ ក្នុងនោះក៏រួមទាំងជំនួយពីសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ផងដែរ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម
សម្តេចតេជោ ហ៊ុន សែន៖ ពួកចោរសៀមឈ្លានពានទឹកដីខ្មែរ និងរំខាន Facebook ហើយប៉ាន់ស្មានថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់៣ខែខាងមុខ
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប