
ខេត្តស្វាយរៀង៖ ជុំវិញរឿងរ៉ាវដែលកើតមានឡើងនៅផ្សារក្រោលគោនេះ ត្រូវបានប្រភពបង្ហើបថាផ្តើមចេញពីលោក ភោគ វណ្ណថន ជាមេឃុំក្រោលគោ ទើបឡើងថ្មីដែលពីមុនជាពេទ្យបង្អែកទេ ហើយមិនបានដឹងច្បាស់ថាដីផ្សារពីត្រឹមណាទៅណាផង ថែមទាំងនាំគ្នាទៅវាស់ជាន់លើដីប្រជាពលរដ្ឋចំនួន៥គ្រួសារទៀតដែលមានប្លង់កម្មសិទ្ធិរួចស្រេចទៅហើយនោះ យកមកដាក់ថាជាដីផ្សារមានទំហំដល់ទៅ៥៤៤៨ម៉ែត្រការ៉េរួចប្តឹងទៅតុលាការដោយចោទប្រកាន់ថាពួកគាត់រស់នៅលើដីរដ្ឋដោយខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ប្រជាពលរដ្ឋរស់នៅចាប់ពី៥ឆ្នាំឡើងទៅគឺជាប្រជាពលរដ្ឋស្របច្បាប់ដែលអាចមានសិទ្ធិកាន់កាប់អចលនវត្ថុនិងសង់សំណង់លំនៅដ្ឋានដែលច្បាប់ត្រូវបានផ្តល់ឲ្យជាអាទិភាពបំផុត។សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗថា បើមន្ត្រីណា អាជ្ញាធរណាដែលយកអំណាចខ្លួនទៅធ្វើបាបអ្នកក្រីក្រទន់ខ្សោយ ប្រព្រឹត្តអំពើពុករលួយ រំលោភយកដីរាស្ត្រ ឬដីរដ្ឋដោយខុសច្បាប់ គឺត្រូវតែចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញឲ្យមន្ត្រីជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំធ្វើការងារដោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងលើការបម្រើសេវាសាធារណៈ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងដីធ្លីគឺត្រូវធ្វើការសម្របសម្រួលនិងដោះស្រាយបញ្ចប់ឲ្យបានឆាប់បំផុតនៅចុងឆ្នាំ២០១៩នេះ។ផ្ទុយទៅវិញលោក ភោគ វណ្ណថន ជាមេឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពុងរងការចោទប្រកាន់ថាបានបំពានសិទ្ធិគ្រប់គ្រងអចលនវត្ថុរបស់ប្រជាពលរដ្ឋ ដោយបានធ្វើការបដិសេធន៍និងច្រានចោលលើសំណើសុំចុះបញ្ជីបំពេញបន្ថែមដើម្បីចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ម្ចាស់អចលនវត្ថុ។
យោងតាមរបាយការណ៍លទ្ធផលក្រុមការងារចុះត្រួតពិនិត្យទីតាំងដីរបស់លោក សា លាង ស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម ដើម្បីចេញប័ណ្ណកម្មសិទ្ធិ ស្ថិតនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទីតាំងដីលោក សា លាង គឺមានចំនួន០២ប្លង់ជាប់គ្នា ដែលប្លង់ទី១: ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ:Bg0354 ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៩៣ ទំហំ០១ អា ៩៥សង់ទីអា ដោយមានព្រំប្រទល់: ខាងជើងទល់នឹងដីផ្សារ,ខាងត្បូងទល់នឹងផ្លូវជាតិលេខ១,ខាងកើតទល់នឹងដីផ្សារ,ខាងលិចទល់នឹងដីផ្សារ និងប្លង់ទី២: ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ:សវ000746 ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៧ ទំហំ ៨១សង់ទីអា ដែលមានព្រំប្រទល់: ខាងជើងទល់នឹងផ្លូវច្រក,ខាងត្បូងទល់នឹងផ្លូវជាតិលេខ១,ខាងកើតទល់នឹងសា លាង,ខាងលិចទល់នឹងផ្លូវច្រក។
បើតាមការរៀបរាប់ពីលោក សា លាង បានឲ្យដឹងថា នៅលើទីតាំងដីនេះចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៨ លោកបានកាន់កាប់និងបានធ្វើអាជីវកម្មសាងសង់ស្ថានីយ៍ប្រេងលក់ដូរ ហើយនៅក្នុងអំឡុងឆ្នាំនោះដែរលោក សា លាង ក៏បានជួលដីស្ថានីយ៍ប្រេងនេះ ទៅឲ្យក្រុមហ៊ុន ឡេង ហួរ លក់ដូរបន្តពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ ។ បន្ទាប់មកលោក សា លាង ជួលដីស្ថានីយ៍ប្រេងទៅឲ្យក្រុមហ៊ុន ឡេង ហួរ ដដែលនេះនៅក្នុងឆ្នាំ២០១៤ ស្របពេលក្រុមការងារចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ បានចុះអនុវត្តនៅក្នុងឃុំក្រោលគោ ហើយក្នុងរយៈពេលនោះ ម្ចាស់ស្ថានីយ៍ប្រងពុំបានផ្តល់ដំណឹងដល់លោក សា លាង និងម៉្យាងវិញទៀតលោក សា លាង ក៏មានភារកិច្ចផ្ទាល់ខ្លួនទៅក្រៅប្រទេសផងដែរក៏ជាហេតុនាំឲ្យលោក សា លាង មិនបានមកបំពេញឯកសារចុះបញ្ជីលក្ខណៈប្រព័ន្ធបានទាន់ពេលវេលា។
ក្រោយមកលោក សា លាង ក៏បានដាក់ពាក្យស្នើសុំជាផ្លូវការដោយសុំចុះបញ្ជីបំពេញបន្ថែមប័ណ្ណកម្មសិទ្ធិដីចាស់ដើម្បីប្តូរទៅប័ណ្ណកម្មសិទ្ធិដីជាលក្ខណៈប្រព័ន្ធរបស់ឈ្មោះ សា លាង ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ប៉ុន្តែលោក គោគ វណ្ណថន មេឃុំក្រោលគោ បែរជាមិនព្រមចុះហត្ថលេខាលើពាក្យស្នើសុំបំពេញបន្ថែមលើប័ណ្ណកម្មសិទ្ធិចាស់ ប្តូរមកប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធវិញ ដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយពេលនោះលោកមេឃុំណាត់គ្នាម៉ោង២រសៀលជួបគ្នាស្រាប់តែទូរស័ព្ទមកថាជាប់រវល់តាំងពីម៉ោង២រសៀលរហូតដល់ម៉ោង៥ល្ងាច ទូរស័ព្ទនៅតែជាប់រវល់ ដោយមិនបានណាត់ជួបគ្នាជាថ្មីទៀតទេ រហូតរំលងបាន៣ថ្ងៃក្រោយ ស្រាប់តែឮដំណឹងថា លោក ភោគ វណ្ណថន មិនទទួលស្គាល់ប័ណ្ណកម្មសិទ្ធិទាំងពីររបស់លោក សា លាង នោះឡើយ។
ដោយសារតែលោក ភោគ វណ្ណថន មេឃុំក្រោលគោ មិនទទួលស្គាល់ប័ណ្ណកម្មសិទ្ធ(ស្លាបមាន់)របស់ម្ចាស់អចលនវត្ថុលោក សា លាង ទោះបីជាខាងជំនាញ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្វាយរៀង បានពិនិត្យឃើញថាប័ណ្ណកម្មសិទ្ធិរបស់លោក សា លាង មានលក្ខណៈត្រឹមត្រូវ ហើយក៏បានលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្តស្វាយរៀងសុំចេញប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ សា លាង ស្ថិតនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលឯកឧត្តម ម៉ែន វិបុល
បានចំណារឯកភាពយល់ព្រមអនុវត្តតាមនីតិវិធី ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ដោយឆ្លងតាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារលើលិខិតស្នើសុំចុះបញ្ជីបំពេញបន្ថែម ដើម្បីចេញប័ណ្ណកម្មសិទ្ធិដីរបស់លោក សា លាង គឺពិតជាត្រឹមត្រូវក្រោយពីបានពិនិត្យនិងប្រជុំពិភាក្សាលើប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុរួចរាល់ហើយ។
សូមបញ្ជាក់ថាបើយោងតាមច្បាប់ភូមិបាលដូចមានចែងត្រង់មាត្រា៣៨នៃច្បាប់ភូមិបាលដើម្បីក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែភោគៈនោះត្រូវបានកាន់កាប់ដោយពិតប្រាកដដោយគ្មានហឹង្សា ដឹងឮជាសាធារណៈគ្មានអាក់ខាននិងដោយសុច្ចរិត។ដូចនេះក្រុមការងារឯកភាពស្នើសុំគោលការណ៍ឯកឧត្តមអភិបាលខេត្ត ដើម្បីអនុវត្តនីតិវិធីចុះបញ្ជីបំពេញបន្ថែមផ្តល់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនលោក សា លាង និងប្រពន្ធឈ្មោះ ហេង គឹមហឿន តាមការស្នើសុំ។អញ្ចឹងឃើញថាលទ្ធផលនៃក្រុមការងារបានពិនិត្យនឹងធ្វើរបាយការណ៍សម្រេចឲ្យផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់លោក សា លាង ដែលមានប័ណ្ណរួចហើយ តាមទំហំវាស់វែងជាក់ស្តែងរបស់មន្ត្រីជំនាញសុរិយោដី ក្រោយពីបានកាត់ដីចំណីផ្លូវរួចហើយនោះ ដីនៅសល់១៤៣ម៉ែត្រការ៉េរបស់លោក សា លាង ស្របតាមច្បាប់និងលិខិតបទដ្ឋានបច្ចេកទេសរួចរាល់អស់ហើយ។
ពាក់ព័ន្ធនឹងករណីនេះលោក ភោគ វណ្ណថន មេឃុំក្រោលគោ កំពុងបែកធ្លាយរឿងអាស្រូវបំពានសិទ្ធិមកលើប្រជាពលរដ្ឋស្លូតត្រង់ រំលោភយកដីដែលមានកម្មសិទ្ធស្របច្បាប់របស់អ្នកដទៃ ជាក់ស្តែងលោក ភោគ វណ្ណថន បានបដិសេធន៍លើសំណើដីធ្លីដែលសុំចុះបញ្ជីបំពេញបន្ថែមរបស់លោក សា លាង ដោយសារតែលោកមេឃុំមិនព្រមចុះហត្ថលេខាតាមការស្នើសុំរបស់លោក សា លាង នោះឡើយ បើទោះបីជាមានចំណារឯកភាពពីឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងយ៉ាងណាក៏ដោយ មិនតែប៉ុណ្ណោះថែមទាំងហ៊ានសរសេរថាប័ណ្ណស្លាបមាន់ហួសសុពលភាពប្រើប្រាស់ហើយ ដូច្នេះសួរថាតើអំណាចលោកមេឃុំមានសិទ្ធិនឹងនិរាករណ៍ឬមោខភាពប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋបានដែរឬទេ?។
ឆ្លើយតបទៅនឹងករណីនេះលោក គោក វណ្ណថន មេឃុំក្រោលគោ បានអះអាងថាលោកធ្វើនេះគឺតាមការជួបផ្ទាល់មាត់ជាមួយថ្នាក់លើដោយពុំមានឯកសារអ្វីយកមកសំអាងនោះទេ ផ្ទុយទៅវិញលោក ភោគ វណ្ណថន បែរជានិយាយថាឯកឧត្តមអភិបាលខេត្តជាអ្នកប្រាប់គាត់មិនឲ្យចុះហត្ថលេខា ហើយក៏ជាអ្នករកមេធាវីឲ្យទៀតផង ចំណែកឯកសារពាក់ព័ន្ធនឹងនីតិវីធីផ្លូវច្បាប់នៅលើឯកឧត្តម ម៉ែន វិបុល ជាអ្នកទទួលខុសត្រូវចំពោះរឿងដីដែលកំពុងមានបញ្ហាទាំងអស់នេះ។ដោយឡែកលិខិតរដ្ឋបាលសាលាខេត្តស្វាយរៀងដែលបានដាក់ជូនទៅលោក ភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំ ស្តីពីការប្រគល់ជូនអាជ្ញាធរឃុំក្រោលគោ ជាសមត្ថកិច្ចថែរក្សាការពារដីផ្សារក្រោលគោ ដែលមានទំហំ៤៦៣៥ម៉ែត្រការ៉េ លើប័ណ្ណកម្មសិទ្ធិលខ:សវ002898 ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៤ ប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហាដីធ្លីដែលកំពុងមានវិវាទខាងលើនេះ អង្គភាពសារព័ត៌មានយើងពុំអាចធ្វើការទំនាក់ទំនងសុំជួបបំភ្លឺពីឯកឧត្តមអភិបាលខេត្តបានទេកាលពីម្សិលមិញនេះ។ប៉ុន្តែលោកនាយករដ្ឋបាលសាលាខេត្តស្វាយរៀង ក៏បានឲ្យដឹងផងដែរថា រឿងនេះស្ថិតលើតុលាការជាអ្នកសម្រេចក្តី បើកំណត់ថាដីផ្សារមានទំហំ៤៦៣៥ម៉ែត្រការ៉េ គឺយើងរក្សាការពារតែប៉ុនហ្នឹងទៅ។ចំណែកឯ៥៤៤៨ម៉ែត្រការ៉េ ដែលវាស់ជាន់លើដីប្រជាពរដ្ឋចំនួន៥ប័ណ្ណក្នុងនោះមានដីរបស់លោក សា លាង ផងដែរនោះ គឺខាងសាលាខេត្តនឹងបង្កើតគណៈកម្មការសារជាថ្មីចុះទៅវាស់វែងម្តងទៀតដើម្បីដោះស្រាយបញ្ចប់ជាស្ថាពរ៕msk
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់