Thu. Nov 21st, 2024

ភ្នំពេញ៖ បុរសម្នាក់ ​ទើបទិញម៉ូតូថ្មីៗ ឌុបជូនសង្សារទៅផ្ទះ លុះវិលត្រឡប់មកវិញ ត្រូវបានក្រុមចោរធាក់ផ្តួល ប្លន់យកទៅបាត់ ដោយមិនរំខានសមត្ថកិច្ច កាលពីវេលាម៉ោង៤៖៣០នាទីទាបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅភ្លើងស្តុបផ្លូវចោមចៅ កែងផ្លូវទួលពង្រ មិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍នគរបាលចោមចៅទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ម៉ូតូដែលចោរប្លន់យកទៅបាត់ ម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-8082 មានម្ចាស់ជាជនរងគ្រោះឈ្មោះ មុំ ម៉េងអៀន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅក្បែរផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិតំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរួមជាមួមិត្តភ័ក្រ ឌុបជូនមិត្តស្រី២នាក់ទៀត សរុបគ្នា៤នាក់ ទៅផ្ទះជួលនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ លុះវិលត្រឡប់មកវិញ នៅតែគ្នា២នាក់ ជិះទៅផ្ទះនៅស្ទឹងមានជ័យ ដោយធ្វើដំណើរតាមផ្លូវវេងស្រេង ពីលិចទៅកើត ដល់ចំណុចភ្លើងស្តុប កែងផ្លូវទួលពង្រ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មកដល់ទន្ទឹមធ្វើសកម្មភាពធាក់ បណ្តាលឲ្យដួល រួចជនសង្ស័យ ប្រដាប់ដោយកាំបិតបុ័ងតោ គម្រាម លើកយកម៉ូតូ ជិះគេចទៅបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះរួមដំណើរជាមួយមិត្តភ័ក្រ នាំគ្នាទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាចោរប្លន់ខាងលើ។

ទោះជាយ៉ាងណា មហាជនដែលនៅក្បែរទីតាំងកើតហេតុ បាននិយាយតៗគ្នាថា ក្រុមចោ១ចេញប្លន់លើកនេះ ប្រហែលជាស្វាគមន៍ លោកអធិការខណ្ឌពោធិ៍សែនជ័យ ដែលទើបកាន់ដំណែងថ្មីៗ ក្តៅៗ។ មិនតែប៉ុណ្ណោះ ពួកគាតបានបន្ថែមថា រងចាំមើលថា ស្នាដៃលោកអធិការខណ្ឌថ្មី ខ្លាំងប៉ុណ្ណា អាចបង្ក្រាបបទល្មើសបានកម្រិតណា ជាក់ស្តែងករណីប្លន់នេះតែម្តង៕ 

You may have missed