
(ភ្នំពេញ)៖ កម្ពុជាបានសម្រេចផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវានោះ។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងលិខិតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»។
ការសម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជានេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីមាននាវា Viking Cruise Journey មួយគ្រឿង បានចូលចត នៅក្នុងខេត្ដកំពង់ចាម និងបានរកឃើញភ្ញៀវទេសចរជាជនជាតិអង់គ្លេស ៣នាក់ មានផ្ទុកជំងឺឆ្លង COVID-19 ខណៈមនុស្សផ្សេងទៀតនៅលើនាវាដែលរួមដំណើរជាមួយកំពុងដាក់ឲ្យនៅដាច់ ដោយឡែកពីគេក្នុងសណ្ឋាគារមួយ នៃក្រុងកំពង់ចាម។
សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់ ៥នាក់ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕
More Stories
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)
សម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត