រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានប្រារព្ធកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។
ក្នុងរបាយការណ៍បូកសរុបការងារគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង ៥.៩ ទ្រីលានរៀល (ប្រមាណ ១,៤៧៥ លានដុល្លារអាមេរិក) កើនឡើង ២៥.៥% (ប្រមាណ ៣០០លានដុល្លារអាមេរិក)ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ៣៣.៨%, អាករពិសេសកើន ៣១.១% និងអាករលើតម្លៃបន្ថែម (VAT)កើន ២៨.៦%។ គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលសំខាន់ៗរួមមាន៖ (១).យានយន្តនិងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២).ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១% នៃចំណូលសរុប និង (៣).ទំនិញចម្រុះនិងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ, ការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល, ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការរីកចម្រើនផ្នែកសមត្ថភាពធនធានមនុស្ស។ ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ អគរ ក៏បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀត ដូចជាការចូលរួមកសាងបទប្បញ្ញ្តត្តិនិងគោលនយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មអត្រាពន្ធគយលើទំនិញមួយចំនួន, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ, ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការចូលរួមអនុវត្តវិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគយ ដូចជាការអនុវត្តកម្រៃផ្លូវការនៃការផ្តល់សេវាសាធារណៈរបស់ អគរ , ការកាត់បន្ថយកម្រៃស្កែន និងបរិមាណកុងតឺន័រដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយម៉ាស៊ីនស្កែន, ការផ្សព្វផ្សាយគោលនយោបាយលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងការជំរុញយ៉ាងសកម្មការអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ហើយបានដាក់ឲ្យអនុវត្តជំហានដំបូងនៃប្រព័ន្ធទាំងពីរនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាដើម។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិកា និងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ចំពោះលទ្ធផលប្រកបដោយសុទិដ្ឋិនិយម និងក្ដីរំពឹងខ្ពស់ និងបានណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់លើការងារមួយចំនួនរួមមាន៖ (១)ត្រូវបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ៤ប្រការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអភិក្រម ៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និង (២) ត្រូវបន្តអនុវត្តវិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលឱ្យសកម្ម ក្នុងនោះត្រូវអនុវត្តខ្លឹមសារប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ អគរ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព, ត្រូវបញ្ចប់ឲ្យបានឆាប់ការកែសម្រួលអនុត្រឹត្យ ២០៩, ជំរុញអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិឲ្យគ្របដណ្តប់ក្រសួងស្ថាប័នពាក់ព័ន្ធតាមការគ្រោងទុក, តាមដាននិងវាយតម្លៃអំពីប្រសុទ្ធភាពនៃការកែសម្រួលគោលការណ៍ និងនិតិវិធីនៃការស្កែនកុងតឺន័រ, យកចិត្តទុកដាក់អនុវត្ត និងបង្កើនការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ កសហវ ពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកគយ សម្រាប់ SMEs ជាដើម។ លើសពីនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនដែល អគរ ត្រូវអនុវត្ត រួមមាន (១).ត្រូវបន្តជំរុញផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងបន្តលើកកម្ពស់អនុលោមភាពវិស័យឯកជន, (២).បន្តពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល, (៣).ត្រូវរក្សាតុល្យភាពនៃការគ្រប់គ្រងរបស់គយ ក្នុងខណៈកិច្ចសម្រួលពាណិជ្ជកម្មកាន់តែទូលំទូលាយ, (៤).បន្តពង្រឹងការងារបច្ចេកទេស ដូចជាការកំណត់តម្លៃគិតពន្ធគយ, លេខកូដទំនិញ, វិធានដើមកំណើតទំនិញ, (៥).ជំរុបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន (៦).អនុវត្តនូវយន្តការបំពេញបែបបទមុនពេលទំនិញមកដល់ (Pre-Arrival Processing) ដែលនឹងជួយសម្រួលបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធ សំដៅកាត់បន្ថយការកកស្ទះនៅមាត់ច្រកដើមទី ជាដើម, (៧)បន្តការចូលរួមការកសាងច្បាប់ស្តីពីវិនិយោគនិងតំបន់សេដ្ឋកិច្ចពិសេស, (៨).រៀបចំកសាងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ នៃការងារគយនិងរដ្ឋាករ ដោយឈរលើយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ឱ្យបានមុនដំណាច់ឆ្នាំ២០១៩, (៩).ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការចែករំលែកគ្នាទៅវិញទៅមកនូវទិន្នន័យស្ថិតិដោយស្វ័យប្រវត្តិតាមមធ្យោបាយអេឡិចត្រូនិច (១០).បង្កើនការយកចិត្តទុកដាក់ការគ្រប់គ្រងចរាចរណ៍រូបិយបណ្ណ ស្របតាមផែនការយុទ្ធសាស្ត្រដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ និង (១១). សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ ដើម្បីធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការឈានទៅកាត់បន្ថយការនាំចូលរថយន្តដែលមានអាយុកាលប្រើប្រាស់ច្រើនឆ្នាំ។
ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយសនិងបណ្ណសរសើរ ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន៕
More Stories
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)
សម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត