Thu. Nov 21st, 2024

ទុកលុយជិត១ម៉ឺនដុល្លារក្រោមពូក ឆេះអស់ កូនកម្លោះលុតជង្គង់យំ ប្រាក់​ថ្លៃ​បណ្ណាការ​ជិត​១​ម៉ឺន​ដុល្លារ ដែល​គ្រួសារ ត្រៀម​ប្រគល់​ជូន​ខាង​ស្រី ដើម្បី​រៀប​ការកូន​ប្រុស​របស់​ពួក​គាត់​នោះ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ក្លាយទៅជា​ផេះ​

ទុកលុយជិត១ម៉ឺនដុល្លារក្រោមពូក ឆេះអស់ កូនកម្លោះលុតជង្គង់យំ

ប្រាក់​ថ្លៃ​បណ្ណាការ​ជិត​១​ម៉ឺន​ដុល្លារ ដែល​គ្រួសារ ត្រៀម​ប្រគល់​ជូន​ខាង​ស្រី ដើម្បី​រៀប​ការកូន​ប្រុស​របស់​ពួក​គាត់​នោះ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ក្លាយទៅជា​ផេះ​។

បន្ទាប់​មក​ពួក​គាត់​បាន​នាំ​គ្នា​បិទទ្វារ​ផ្ទះ​ចាក់សោ​ចោលរួច​ចេញ​ទៅ​ធ្វើការ​លក់ដូរ​នៅ​ខាងក្រៅ ស្រាប់តែ​មាន​ភ្លើង​ឆេះ​ផ្ទះ​ដោយ​សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនីហើយ​ឆេះ​ទាំង​ទ្រព្យសម្បត្តិ ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ និង​ប្រាក់​បណ្ណាការ​នោះ​អស់​តែ​ម្ដង​។ ករណី​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​ ០៨​:១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ផ្ទះ​១​ល្វែង​ដែល​រង​ការ​ឆាបឆេះ​នោះ សាងសង់​ពី​បេតុង ទំហំ​៥​ម៉ែត្រ​x៨​ម៉ែត្រ ប្រក់​ស័ង្កសី ចំណែក​ម្ចាស់ផ្ទះ​ប្រពន្ធ​ឈ្មោះ ម្លូ រក្សា អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ និង​ប្តី​ឈ្មោះ នួន ភា​រុណ អាយុ​៤៥​ឆ្នាំ មុខរបរ​ជាងសំណង់ និង​មានកូន​ប្រុស​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ​។

ស្ត្រី​ម្ចាស់ផ្ទះ​ខាងលើ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ខ្លាំង​ៗ ព្រោះតែ​ផ្ទះ​ក៏​ឆេះ​ចំណែកឯ​ទ្រព្យសម្បត្តិ សម្ភារៈ​ប្រើប្រាស់ ជា​ពិសេស​ប្រាក់​ថ្លៃ​បណ្ណាការ​កូន​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់បែប​នេះ​។

គាត់​បាន​និយាយ​ថា គាត់​បាន​ចូល​ស្ដីដណ្ដឹង​កូនក្រមុំ​គេ​ឱ្យកូនប្រុស​ទី​២ របស់​គាត់​រួច​ហើយ នៅ​តែ​ថ្ងៃ​ចូល​រោងការ​ប៉ុណ្ណោះហើយ​ក៏​បាន​ត្រៀម​ប្រាក់​ថ្លៃ​បណ្ណាការ​ចំនួន​ ៨,៩០០​ដុល្លារ​រួចរាល់​ហើយ​។ ដោយ​គាត់​មាន​គម្រោង​ថានឹង​យក​ប្រាក់​នេះ​ទៅ​ប្រគល់​ជូន​ខាង​ស្រី​នា​វេលា​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភៈ​នេះ ដើម្បី​ចាត់ចែង​រៀបចំ​ពិធី​មង្គល​ការកូន​នា​ពេល​ខាង​មុខ​។

គាត់​បាន​បញ្ជាក់​ទៀត​ថា គាត់​បាន​ទុក​ប្រាក់​នោះ​នៅ​លើ​គ្រែ​ក្រោម​ពូក​ដេក ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​គាត់​រួម និង​ប្ដី​ព្រមទាំង​កូន​ៗ​ពុំ​បាន​នៅផ្ទះ​ទេដោយ​ជាប់រវល់​ចេញ​ធ្វើការ​រកស៊ី​នៅ​ក្រៅ ក្រោយមក​ក៏​ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​បែប​នេះ​តែ​ម្ដង​។

ភ្លើង​បាន​ឆេះ​គ្រែ និង​ពូក​ហើយ​ក៏​ឆេះ​ទាំង​ប្រាក់​ថ្លៃ​បណ្ណាការ​ដែល​ទុក​ក្រោម​ពូក​នោះ​អស់ទាំង​ស្រុង ចំណែកឯ​កាបូប​ដាក់​គ្រឿងអលង្ការដែល​ទុកដាក់​នៅ​ក្នុង​ទូ​មិន​បាន​បាត់បង់ ឬ​ខូចខាត​នោះ​ទេព្រោះ​ភ្លើង​ឆេះ​អត់​ដល់ម្យ៉ាងទៀត​បាន​អ្នកស្រុក​ភូមិ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​ទាន់​ពេល​ផង​។

អ្នក​ភូមិ​បាន​និយាយ​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ពួក​គាត់​បាន​ធុំក្លិន​ឈ្ងៀម​យ៉ាង​ខ្លាំង ហើយ​មុន​ដំបូង​ពុំ​បាន​ចាប់អារម្មណ៍​ថា ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆេះ​នោះ​ទេហើយ​ពួក​គាត់​ខំ​ដើរ​រក​មើល​នៅ​ក្នុងផ្ទះ​របស់​ខ្លួនឯងក្រែង​មាន​ឆ្លង​ចរន្ត​នៅ​ក្នុងផ្ទះ​។​ប៉ុន្តែ​ពេល​នោះ​រក​មិនឃើញ​មាន​បញ្ហា​នៅ​ក្នុងផ្ទះ​ពួក​គាត់​ឡើយ។

លុះ​ក្រឡេកទៅ​មើល​ផ្ទះ​របស់​អ្នកស្រី​ ម្លូ រក្សា ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញ​ក្រៅ​យ៉ាង​ខ្លាំង​ទើប​មានការ​ភ្ញាក់ផ្អើលហើយ​បាន​នាំ​គ្នា​ជួយ​ពន្លត់​។

ប្រភព​ដដែល​បាន​ប្រាប់​ឱ្យដឹង​បន្ត​ទៀត​ថា ខណៈនោះ​ជួប​ការ​លំបាក​ក្នុង​ការ​ពន្លត់​ព្រោះ​ភ្លើង​ឆេះ​នៅ​ខាងក្នុងហើយ​ផ្ទះ​នោះ​ជាប់​សោ​មិន​អាច​ចូល​ទៅ​បានម្យ៉ាង​ម្ចាស់​អត់​នៅ​ទៀតបន្ទាប់​មក​ក៏​បាន​សម្រេចចិត្ត​នាំ​គ្នា​គាស់​ទ្វារ​ខាងក្រោយ​ចូល​ទៅ​ជួយ​ពន្លត់ភ្លើង​។​ ប៉ុន្តែ​ភ្លើង​មិន​បាន​រលត់​ភ្លាម​ៗ​ឡើយ រហូត​មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​៕

You may have missed