Thu. Nov 21st, 2024

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់។

នៅព្រឹក ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន២៣៦៥នាក់។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំកំពូលៗក្នុងជួរគណបក្សប្រជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំដ៏ធំ វិមាន ៧ មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារកសាងចលនាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។

ឯកឧត្តមបានបន្តទៀតថា ដោយផ្អែកលើការការពារនូវផលប្រយោជន៍ដ៏ឧត្តុងឧត្តមនៃប្រទេសជាតិ ការការពារនូវសុខសន្តិភាព ស្ថេរភាពនយោយនៅក្នុងសង្គមជាតិ ការពារនូវសេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជាតិជាយូរអង្វែង សម្តេចតេជោបានប្រកាសទទួលស្វាគមន៍យកបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនដែលធ្លាប់បានចូលរួមជីវភាពនយោបាយជាមួយក្រុមបក្សនយោបាយ ដែលមាននិន្នាការជ្រុលនិយមក្នុងរយៈពេលកន្លងមក ដើម្បីយកចំណេះវិជ្ជា និងមនសិការស្នេហាជាតិរបស់បងប្អូនមកបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាជាមួយនឹងគណបក្ស
ប្រជាជនកម្ពុជា។ តាមរយៈគោលនយោបាយប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោះប្រណីរបស់ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ គឺបងប្អូនដែលជាអតីតថ្នាក់ដឹកនាំប្រឆាំងតាមបណ្តាមូលដ្ឋានរាជធានី ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ គឺបងប្អូនជនរួមជាតិរបស់យើងបានមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ តាមរយៈសកម្មភាពពិតដែល សម្តេចតេជោបានផ្តល់ជូនចំពោះបងប្អូនក្នុង រយៈពេលកន្លងមក ដោយមិនប្រកាន់និន្នាការនយោបាយ ឬកំហុសខុសឆ្គងរបស់បងប្អូនជនរួមជាតិនោះទេ សម្តេចតេជោ តែងតែផ្តល់នូវក្តីស្រលាញ់ប្រកបដោយមនោសញ្ចេតនាជួយបងប្អូនតាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទៅដល់ការលំបាកនានារបស់បងប្អូនយើងផងដែរ ។

នៅក្នុងឱកាសសំណេះសំណាលនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានាដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
ក្រៅពីការជួបសំណេះសំណាលជាមួយគ្នារួចហើយនោះ សម្ដេចតេជោបានរៀបចំអាហារសាមគ្គីមួយពេលសម្រាប់បងប្អូនសមាជិកទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ។

នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោប្រធានគណបក្ស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ម៉ែន សំអន ដែលរៀបចំការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម កាលពីថ្ងៃទី ៣-៥ វិច្ឆិកា ២០២៤ ដែលដំណើរការនៃការដង្ហែអង្គកឋិនទាននេះ ទទួលបាននូវភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនពីបងប្អូនខ្មែរក្រោម។សម្ដេចតេជោប្រធានគណបក្ស ក៏បានថ្លែងអំណរគុណដល់បណ្ដាថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងអង្គកឋិនទាន ដែលធ្វើឲ្យគាត់ថានិទានដង្ហែទៅកាន់វត្តខ្មែរក្រោមទទួលបាននូវភាពជោគជ័យ។

សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនិងសមិទ្ធផលរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗដែលជាគោលដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងនោះ ចំពោះគោលដៅរយៈពេលវែង៖

ទី១-គឺយើងត្រូវរក្សាឲ្យបាននូវកត្តាសន្តិភាព ពីព្រោះថាកត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថាប្រទេសណានោះទេតែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍអ្វីឡើយ។

ទី២-ត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឲ្យចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៩។

ទី៣-ត្រូវខិតខំជំរុញប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលយើងបានកំណត់តាំងពីដំបូងនោះ។

ទី៤- ខិតខំសម្រេចអោយបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចំពោះគោលដៅរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោបានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗដូចជា៖

ទី១-ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។

ទី២-រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា។

ទី៣-ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។

ទី៤- ប្តេជ្ញាកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។ បន្ទាប់មក សម្ដេចតេជោក៏បានអញ្ជើញពិសាអាហារសាមគ្គីជាមួយបងប្អូនសមាជិកសមាជិកាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

You may have missed