Wed. Dec 18th, 2024

ឯ​ក​ឧត្ដម គន់ គីម ៖ ​ខ្ញុំបំរើប្រជាជនត្រូវតែបំរើ ទោះពេលណាក៏ដោយឱ្យតែប្រជាជនត្រូវការ!

រតនគិរី ៖ នៅ​ថ្ងៃទី០៩ ​ខែសី​ហា ឆ្នាំ២០១៩​នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រ​ប់គ្រងគ្រោះមហន្ដរាយ ដឹកនាំកម្លាំងប្រតិបត្តិការដោយផ្ទាល់តាមឧត្ថម្ភាគចក្រចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងដើម្បីដាក់ផែនការជួយសង្គ្រោះប្រជាពលរដ្ឋដែលបាននឹង​កំពុ​ងលិចលង់ដោយសារទឹកជំនន់នៅខេត្តរតនគិរី។

ថ្មីៗនេះនៅក្នុងបេសកកម្មដោយផ្ទាល់តាមរយៈឧត្ថម្ភាគចក្រឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានសរសេរសារជាអក្សរក្នុងគ្រុបប្រព័ន្ធ​តេឡេ​ក្រាម​ដែលមានឈ្មោះថា “CPP WIN 125” យ៉ាងដូច្នេះថា ៖ ខ្ញុំ​បំរើប្រជាជនត្រូវតែបំរើ ទោះពេលណាក៏ដោយឱ្យតែប្រជាជនត្រូវការ”។

នៅក្នុ​ងបេសកកម្មដ៏ក្ដៅ ​និងបន្ទាន់នេះ ​ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម បានចេញអន្តរាគមន៍បន្ទាន់ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារពីទឹកជំនន់ដ៏អាក្រក់មួយនេះនៅខេត្តរតនគីរី។

​ឯកឧត្ដមនាយឧត្ដមសេនីយ៍ផ្កាយមាសបួនបានលើកឡើងថា ៖ ​យោងតាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតាមប​ញ្ជារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រទី០៩ ខែ​សីហា​នេះ បានចេញដំណើរតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដើម្បីជួយជន្លៀសប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពុង់​ទទួលរងនូវទឹកជំនន់។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាននាំទៅជាមួយនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់របស់កាកបាទក្រហម ចំនួន២​យន្តហោះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះផងដែរ។ ឯកឧត្តម បញ្ជាក់ថាគ្រោះមហន្តរាយទឹកជំនន់នៅខេត្តរតនគីរីនេះ ត្រូវបានសម្តេចប្រធានកាកបាទក្រហម មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានប្រគល់ភារកិច្ចនេះ ដល់ឯកឧត្តម ធ្វើអន្តរាគមន៍ជាបន្ទាប់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព៕

You may have missed