Fri. Jun 6th, 2025

លោក អោម សេងបូរ៉ា៖ សហគ្រិនជាបុគ្គលស្នេហាជាតិដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ CEO Master Club បានប្រារព្វមហាព្រឹត្តិការណ៍ CEO Award 2019 ជាមួយហ្នឹងការគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតស្ថាប័ននេះឡើង។

មហាព្រឹត្តិការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីគណៈអធិបតីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងម៉ុងរិទ្ធីគ្រុប ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលប័ត្រកម្ពុជា និងលោក អោម សេងបូរ៉ា ស្ថាបនិក CEO master club និងវិទ្យាស្ថានស៊ីអ៊ីអូ រួមទាំងម្ចាស់អាជីវកម្មកម្ពុជាចំនួនប្រមាណជាង ១០០០នាក់ ចូលរួម។

ក្នុងឱកាសបើកកម្មវិធីផ្ទាល់ លោក អោមសេងបូរ៉ា មានប្រសាសន៍ថា សហគ្រិនជាបុគ្គលស្នេហាជាតិដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យតាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គមការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ។ លោក អោម សេងបូរ៉ា បានបន្តថា ក្នុងរយៈពេលកន្លងមកនេះ CEO master club បានបណ្តុះបណ្ដាលសហគ្រិនកម្ពុជារាប់ម៉ឺននាក់ ក្នុងនោះមានម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណជាងមួយពាន់នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាងពីរពាន់ក្រុមហ៊ុន អាចបង្កើតប្រតិបត្តិការអាជីវកម្មក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំ ថែមទាំងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាងដប់ម៉ឺននាក់ក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្ម កម្ពុជា CEO Award 2019 នេះក៏ធ្វើឡើងដើម្បីជាការប្រារព្ធអបអរសារទរខួប ១០ឆ្នាំ របស់ CEO Master Club និងការកើនឡើងសមាជិកភាពពេញមួយជីវិត CEO Master Club ចំនួនជាង ១,០០០នាក់៕