Thu. Mar 28th, 2024

លោកត្រាំបាន​ប្រកាស​ថាមេដឹកនាំ​​ក្រុម​​រដ្ឋឥស្លាម​ឈ្មោះ​Abu Bakr al-Baghdadi​ត្រូវ​បា​ន​សម្លាប់

កាល​ពី​យប់​ថ្ងៃ​អាទិត្យនៅ​សេតវិមានលោកដូណាល់ ត្រាំប្រធានាធិបតី​សហរដ្ឋអាមេរិកបាន​ប្រកាស​ថាមេដឹកនាំ​ក្រុម​រដ្ឋឥស្លាម​ឈ្មោះ Abu Bakr al-Baghdadi ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំឡុងពេល​នៃ​ប្រតិបត្តិការ​មួយ​របស់​កងកម្លាំង​យោធា​ពិសេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី។លោកត្រាំបាន​ប្រកាស​ថាស្ថាបនិក​និង​ជា​មេដឹកនាំ​ក្រុម​រដ្ឋឥស្លាម​ឈ្មោះ Abu Bakr al-Baghdadi «បាន​បំផ្ទុះ​ខ្លួន​ឯង​ស្លាប់ រួម​ទាំង​កូន​០៣​នាក់​ផង​ដែរ»។ ​លោកត្រាំថាគ្មាន​ទាហាន​អាមេរិកាំង​ណា​ម្នាក់​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ទេ ខណៈ​ដែល​ក្រុម​យុទ្ធជន​របស់​មេដឹកនាំ​រដ្ឋឥស្លាម​រូប​នេះ​បាន​ស្លាប់​អស់​មួយ​ចំនួន​ធំ។លោក ត្រាំ ថ្លែង​ថា មេដឹកនាំ​ក្រុម​រដ្ឋឥស្លាម​រូប​នេះ​បាន​លាក់​ខ្លួន​នៅ​ក្នុង​រូង​មួយ​ដើម្បី​ព្យាយាម​រត់គេច​ខ្លួន ដោយ​បាន​យំស្រែក​នៅ​តាម​ផ្លូវ​រហូត។ ក្រោយ​មក រូប​គេ​ក៏​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួន ព្រម​ទាំង​កូន​០៣នាក់​ផង​ដែរ។បើតាមបណ្ដាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា បេសកកម្ម​នៅ​ខេត្ត Idlib នៃ​ប្រទេស​ស៊ីរី​នេះ ក៏​រួម​មាន​ទាំង​ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រយន្ដហោះចម្បាំងនិង​ដ្រូន​របស់​សហរដ្ឋអាមេរិក​ផង​ដែរ។កាល​ពី​ខែ​កក្កដា ​របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថាមេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​រដ្ឋឥស្លាមគឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Idlib។ ការ​ស្លាប់​របស់​ជន Baghdadi នេះត្រូវ​បាន​រាយការណ៍​ចំនួន​ប៉ុន្មាន​ដង​រួច​មក​ហើយ។ខ្សែ​អាត់​សំឡេង​ចុងក្រោយ​បង្អស់​របស់​ជន​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កា​លពី​ខែ​កញ្ញាដែល​រូប​គេ​បាន​សន្យា​ថានឹង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​៕

You may have missed