Fri. Mar 29th, 2024

កំពត ~ ព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជា សាខាខេត្តកំពត បានអញ្ជើញចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន ៣០០នាក់ មកពី ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៅវិទ្យាល័យទូកមាស ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ សមាជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៣៩៥នាក់ ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយសម្រាលការលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា ។ ឯកឧត្តម អភិបាលក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយជំនួយមនុស្សធម៌មានចំនួនតិចតួចមិនបានសមស្របទៅនឹងទំហំនៃការខ្វះខាតរបស់បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណាក៏អំណោយនេះអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយរយៈផងដែរ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់លោកតា លោក យាយ អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលរួមជាមួយនិងចលនាឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ដែលជាការបំផ្លាញនូវសុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ហើយនៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពិសារ អំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋាននីមួយៗ របស់បងប្អូន។

ចំពោះអំណោយដែលបានចែកជូននាថ្ងៃនេះរួមមាន៖ អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ថវិកាសរុប៦លានរៀល ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២ម៉ឺនរៀល ។

You may have missed