Fri. Apr 19th, 2024

អភិបាលរងខេត្តបាត់ដំបង ៖ បើយើងចង់ឲ្យទីក្រុងស្អាតល្អ គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា

ខេត្តបាត់ដំបង ៖ បើចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងទាំងអស់គ្នា នាំគ្នាចូលរួមអនុវត្ត រក្សាសម្អាតអនាម័យ បរិស្ថានល្អ គ្រប់ទីកន្លែង គ្រប់ពេលវេលា ។

នេះជាការលើកឡើងរបស់លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នងទិវាទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទិវាទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅទីសួននាគសន្តិភាព ស្ថិតក្នុងសង្កាត់ស្វាយប៉ោងក្រុងបាត់ដំបង ដោយមានកិច្ចសហការរៀបចំពីសាលាក្រុងបាត់ដំបង មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត អាជីវករ សិស្សនិស្សិត ប្រជាពលរដ្ឋមួយចំនួនចូលរួមផងដែរ។

លោក សឿម ប៊ុនរិទ្ធ បានលើកឡើងថា  បើយើងចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នាចូលរួមអនុវត្ត រក្សាសម្អាតអនាម័យ បរិស្ថានល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកអភិបាលរងបានបញ្ជាក់ថា ដើម្បីរក្សាបាននូវជ័យលាភីជាប់ចំណាត់ថ្នាក់ទទួលពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល៣ទង២ឆ្នាំជាប់គ្នាកន្លងមក។ ដូច្នេះយើងទាំងអស់គ្នា នាំគ្នាចូលរួមបន្តជាប្រចាំដោយនាំគ្នាសម្អាតអនាម័យ បរិស្ថាន នៅតាមផ្ទះ ទីកន្លែងសាធារណ:នានា ក្នុងទីក្រុងនិងជនបទ ដើម្បីទទួលបានមកវិញនូវសុខភាពល្អ ទីក្រុងស្អាតនិងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនានិងឆ្លងកាត់ ហើយបានចូលរួមប្រលងប្រណាំងទីក្រុងស្អាតពីថ្នាក់ជាតិនិងថ្នាក់តំបន់ផងដែរ។

លោក សឿម ប៊ុនរិទ្ធ បានបន្តថា ការចូលរួមសម្អាតអនាម័យបរិស្ថាននេះ ការរស់នៅក្នុងជីវភាពគ្រួសារម្នាក់ៗយើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាតនិងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំនៅតាមទីសាធារណ:បន្ថែមទៀតដើម្បីឲ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរលោកបានអានសាររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតជូនអង្គពិធី រួចនាំគ្នាដើររើសសម្រាមសម្អាតទីក្រុងទាំងអស់គ្នាផងដែរ៕

You may have missed