
RFIដូចការគ្រោងទុកនៅថ្ងៃទី១២ខែវិច្ឆិកានេះ គណៈកម្មការអឺរ៉ុបបានបញ្ចប់របាយការណ៍បឋមស្តីពីការផ្អាកការអនុគ្រោះពន្ធEBAជាបណ្តោះអាសន្នសម្រាប់កម្ពុជា ។ ប៉ុន្តែសហភាពអឺរ៉ុបបានទុកពេលឲ្យកម្ពុជា មួយខែទៀតដើម្បីប្រតិកម្មចំពោះរបាយការណ៍បឋម ស្តីពីលទ្ធផលនៃការស៊ើបអង្កេតដែលធ្វើឡើងនៅខែកុម្ភៈឆ្នាំ ២០១៩ ក្រោមនីតិវិធីសម្រាប់ការដកហូតបណ្តោះអាសន្ននូវការអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។«ដោយអនុលោមតាមវិធានដែលមានចែងនៅក្នុងបទប្បញ្ញត្តិស្តីពីគម្រោងអនុគ្រោះពន្ធទូទៅរបស់សហភាពអ៊ឺរ៉ុប បច្ចុប្បន្នកម្ពុជានៅមានរយៈពេលមួយខែទៀតដើម្បីប្រតិកម្មចំពោះរបាយការណ៍បឋមនេះ។ បន្ទាប់មកគណៈកម្មការអឺរ៉ុបនឹងបញ្ចប់របាយការណ៍និងធ្វើការសំរេចចិត្តនៅខែកុម្ភៈឆ្នាំ ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជាជាបណ្តោះអាសន្នឬយ៉ាងណា»។ នេះគឺជាខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅថ្ងៃទី១២ខែវិច្ឆិកានេះ។គួរជំរាបជូនថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៩មក គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសពីការចាប់ផ្តើមដំណើរការនីតិវិធីជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា បន្ទាប់ពីមានការរំលាយគណបក្សប្រឆាំង និងការចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាដើម។យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាលោកស្រី Carmen Moreno សង្ឃឹមថា កម្ពុជានឹងអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនេះ។ នេះបើតាមខ្លឹមសារនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជា លោកស្រី Carmen Moreno ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃទី ០៨ វិច្ឆិកា។ប្រសិនបើសហភាពអឺរ៉ុបដកEBAមែន កម្ពុជានឹងខាតបង់សាច់ប្រាក់ប្រមាណជា៦០០លានដុល្លារពីការបង់ពន្ធក្នុងការនាំទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប ។ នេះបើតាមក្រុមអ្នកតាមដាននយោបាយ។យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១២វិច្ឆិកា សហភាពអឺរ៉ុបគូសបញ្ជាក់ថា កម្ពុជាអាចត្រូវបានផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងករណីសហភាពអឺរ៉ុបរកឃើញថា មានការរំលោភគោលការណ៍ក្នុងអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងសិទ្ធិការងារដែលមានចុះក្នុងឧបសម្ព័ន្ធទី ៨ នៃបទបញ្ញត្តិ GSP ៕
More Stories
លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ
អុញនោះបែកធ្លាយ ! ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦Aចំណុចថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលថ្នាក់លើដាក់ឱ្យមើលសុវត្ថិភាពផ្លូវ បែរជាពង្រីកបក្ខពួកប្រមូលលុយពីរថយន្ដធុនធំដឹកលើសទម្ងន់ទៅវិញ
អត់អីផាកមែន ទើបមកផាក គោយន្តក្នុងវាលស្រែ