Fri. Mar 29th, 2024

កំពង់ឆ្នាំង ៖ ស៊ីម៉ង់តិ៍២០តោន ប្រេងម៉ាស៊ូត ២០០០លីត្រ និងសម្ភារការិយាល័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារដឹកយកមកប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជេីងគោក នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភសម្ភារដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ។

លោកបានបន្តថា សម្តេចទាំងពីរតែងតែគិតគូពីសុខទុក្ខកងទ័ព ក៏ដូចជាការទំនុកបម្រុងគ្រួសារទ័ព ការងារកសាងអង្គភាព និងកិច្ចការងារផ្សេងៗ ដែលសកម្មភាពទាំងនេះបានធ្វើអោយកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពាបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពាដាច់ខាតមិនអោយមានបដិវត្តព័ណ៌ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

លោកក៏បានបញ្ជាក់ថា អង្គភាពកងបញ្ជាការដ្ឋានកាំភ្លើងធំ គោរព និងអនុវត្តអោយបានដាច់ខាតនូវបទបញ្ជាបញ្ជាថ្នាក់លើ ក៏ដូចជាការអនុវត្តអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សូមរំលឹកថា អំណោយជាសម្ភារការិយាល័យ និងសម្ភារសំណង់ខាងលើនេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនបន្ថែមលើអំណោយជាអាគារស្នាក់នៅទ័ព០២ខ្នង និងថវិកាមួយចំនួនទៀត ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបញ្ជាការសេនាធិការកាំភ្លើងធំ និងកងអនុសេនាតូច-ធំត្បាល់DK កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ៕

You may have missed