Fri. Mar 29th, 2024

ប្ដីបាត់ប្រពន្ធរកមិនឃេីញជាង១ខែមកហេីយចុងក្រោយបែរជាឃេីញស្លាប់ហេីមស្អុយព្រោះអត់អាហារ

ប្តីបាត់ប្រពន្ធរកមិនឃើញជាង១ខែមកហើយ ចុងក្រោយបែរជាឃើញស្លាប់ហើមស្អុយ ព្រោះអត់អាហារ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយ បានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្ត្រីម្នាក់ ស្លាប់ក្នុងព្រៃ ហើមស្អុយ ផ្អើលសមត្ថកិច្ចចុះមកហ៊ុំព័ទ្ធខ្សែធ្វើការពិនិត្យសាកសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ជិតវត្តព្រែកជ្រៃ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈន់ ឌី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានជំងឺសសៃប្រសាទប្រចាំកាយ និងមានប្តីឈ្មោះ អន ថុន អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិជាខ្លាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកែវ និងមានកូនចំនួន២នាក់ កូនស្រីអាយុ១០ឆ្នាំ កូនប្រុសអាយុ៥ឆ្នាំ​។

ក្នុងនោះបើតាមសម្តីអ្នកភូមិ ជាបុរសម្នាក់បានប្រាប់ថា មុនពេលកើតហេតុ គាត់បានដើរទៅមើលស្រែ ដល់ចំណុចកើតហេតុ ក៏ធំក្លិនស្អុយចម្លែក ទើបតាមរកឃើញ ក៏ប្រទះឃើញសាកសពស្រ្តីខាងលើ ដេកស្លាប់ក្នុងស្ថានភាពហើមស្អុយទៅហើយ ទើបប្រញាប់រត់ត្រឡប់ក្រោយទៅប្រាប់អ្នកភូមិឲ្យទៅជួយមើល និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

តាមការបញ្ជាក់ពីប្តីរបស់សពរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់គាត់ធ្លាប់មានជម្ងឺសសៃប្រសាទប្រចាំកាយ និង ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមគ្រួសារធ្លាប់ធ្វើការឃុំគាត់ទុកក្នុងផ្ទះ ដោយមិនអោយដើរទៅណាឡើយ ព្រោះខ្លាចបាត់ពីផ្ទះ ។ ក្រោយមកទៀតក៏មានកម្មវិធីបុណ្យនៅជិតផ្ទះ ក្រុមគ្រួសារក៏អោយគាត់ទៅចូលរួមកម្មវិធីបុណ្យ ស្រាប់តែប្រពន្ធគាត់ បានលួចជិះឡានមកភ្នំពេញបាត់ គាត់និងក្រុមគ្រួសារខំដើររកតែរកមិនឃើញអស់រយៈពេលជាង០១ខែទៅហើយ ទើបនៅថ្ងៃកើតហេតុនេះខ្ញុំបានទទួលដំណឹងថាគាត់បានស្លាប់បាត់ទៅហើយ ។

ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ និងប៉ុស្តិ៍ដង្កោ បានចុះទៅកាន់កន្លែងកើតហេតុ សហការជាមួយនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ ដើម្បីពិនិត្យសាកសព ហើយបើតាមការធ្វើកោល្យវិច័យរបស់ លោកឧកញ្ញាវិជ្ជៈបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពគឺស្លាប់ដោយសារ ការអត់អាហាររយៈពេលយូរ (មានជំងឺសសៃប្រសាទ) គាំងបេះដូង មិនជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You may have missed