Thu. Mar 28th, 2024

មន្ត្រី​ជំនាញបន្ត​ស្រាវជ្រាវ រកមុខ​ស​ញ្ញា ករណី​យក​គ្រឿងចក្រ​ឈូសឆាយ ទន្ទ្រាន​កាយ​ប្រឡាយ​ថ្មី នៅ​តំបន់​អភិរក្ស​បង្គោល​កី ក្នុងស្រុក​ស្ទោង​

មន្ត្រី​ជំនាញបន្ត​ស្រាវជ្រាវ រកមុខ​ស​ញ្ញា ករណី​យក​គ្រឿងចក្រ​ឈូសឆាយ ទន្ទ្រាន​កាយ​ប្រឡាយ​ថ្មី នៅ​តំបន់​អភិរក្ស​បង្គោល​កី ក្នុងស្រុក​ស្ទោង​
25/5/2021
កំពង់ធំ​៖ មន្ត្រី​ជំនាញ បាន​កំពុង​បន្ត​ស្រាវជ្រាវ រកមុខ​សញ្ញា ជនខិលខូច ករណី​យក​គ្រឿងចក្រ ឈូសឆាយ​ទន្ទ្រាន កាយ​ប្រឡាយ​ថ្មី នៅ​តំបន់​អភិរក្ស​បង្គោល​កី ស្ថិតក្នុង​ឃុំ​សំព្រោជ ស្រុក​ស្ទោង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ។​

​លោក ប៉ែន វណ្ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​បប្រាប់អោយដឹងថានា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ថា​មន្ត្រី​ជំនាញ នៅតែ​បន្ត​ស្រាវជ្រាវ រកមុខ​សញ្ញា ដែល​បានកំណត់​ខ្លះ ហើយ​នោះ ដើម្បី​ចាត់ការ​តាម​នីតិ​ធី​ច្បាប់ នូវ​ករណី​បាន​យក​គ្រឿងចក្រ ទៅ​រុករាន​ទន្ទ្រាន ឈូសឆាយ ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់ បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ចំណុច​បង្គោល​កី ក្រោម​អាងទឹក​ប្រជាជន ជាប់​តំបន់​៣ ស្ថិតក្នុង​ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

ប៉ុន្តែ​លោក ហម ហុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​ប្រាប់​នា​ថ្ងៃ​ដដែល​ថា​៖ លោក​នៅ មិនទាន់បាន ទទួល​ព័ត៌មាន នៅឡើយ​ទេ ពី​ករណីនេះ ។ ហេតុនេះ ត្រូវ​រង់ចាំ​ទទួល យក​អង្គហេតុ នៃ​ការចុះទៅ​ពិនិត្យ ទប់ស្កាត់ បង្ក្រាប ពី​កម្លាំង​អាវុធហត្ថ (​ដែលជា​ម្ចាស់​ករណី​រឿង​ល្មើស​) នេះ ព្រោះ​កាល​ចុះទៅ មន្ត្រី​ជំនាញ​ជលផល មិនបាន​ដឹង មិន​បានទទួល​ការស្នើ​សហការ ឬ​ប្រាប់​អោយ ដឹងផង​ទេ ។​

​ទោះយ៉ាងណា បើ​ករណី​នោះ ពិតជា​ខុសច្បាប់ ជំនាញ ក៏​សហ​ការអោយ​ចាត់ការ តាម​នីតិវិធី ដោយ​រកមុខ​សញ្ញា មក​សួរ​បំភ្លឺ ហើយ​បើ​ចម្លើយសារភាព ចេញ​ជាការ​ពិត គ្មាន​ការបង្ខំ នោះ​សំណុំរឿង នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ហើយ ។​

​ចំណែក​លោក សាយ វាសនា ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ជា​អ្នកនាំពាក្យ អយ្យការ​ផង​នោះ បាន​ប្រាប់​សារព័ត៌មាន នៅ​ថ្ងៃទី​២៥ ខែឧសភា​ថា​៖ ករណី​ខាងលើនេះ នឹង​មានទោស​កម្រិត​ព្រហ្មទណ្ឌ បើសិន​រកឃើញថា ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស បំផ្លាញ​ធនធានធម្មជាតិ​ធ្ងន់ធ្ងរ ។​

យោង​សមត្ថកិច្ច បានអោយដឹងថា​ម្ចាស់​គ្រឿងចក្រ ដែល​ធ្វើ​សកម្មភាព ដែល​រង​ការ​ចោទថា ល្មើស​ដូចខាងលើ មានឈ្មោះ មុយ វឿន លំនៅ​ភូមិ​រំចេក ឃុំ​សំព្រោជ ស្រុក​ស្ទោង ។ គឺ​គាត់ បាន​យក​គ្រឿងចក្រ ធ្វើ​សកម្មភាព​កាយ​ប្រឡាយ​ថ្មី និង​ឈូសឆាយ​ដីព្រៃ អស់​ជាច្រើន​ម៉ែត្រ ។​

​ករណីនេះ កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ ក្រោម​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញារង ដូច​ខាង លើ បាន​ឃាត់​នូវ​គ្រឿងចក្រ ១​គ្រឿង នៅនឹងកន្លែង និង ១​គ្រឿង​ទៀត បាន​រត់គេច​នៅឡើយ​។​

​មកទល់ពេលនេះ ទាំង​ម្ចាស់​គ្រឿងចក្រ ខាងលើ និង​ទាំង​មន្ត្រី​ជំនាញ​ជលផល នៅ​មិនទាន់បាន ចុច​និយាម​ការ ផ្ទៀងផ្ទាត់​ថា ដី​នោះ​ជា​ដីស្រែ ដែល​បាន​បង្កបង្កើនផល​ស្រូវ ឬ​ជា​ដី​មានកម្ម​សិទ្ធិ ឬ​ជា​ដី​រដ្ឋ​នៃ​ព្រៃ​លិច​ទឹក នៅ​ចំណុច​បង្គោល​កី ក្រោម​អាងទឹក​ប្រជាជន ជាប់​តំបន់​៣ នៅឡើយ​ទេ​។​

​យើងបាន​ព្យាយាម​រក​កការបំភ្លឺពី​អ្នកជា​ប្រភព ដែល​ទទួលខុសត្រូវ ឆ្លើយតប​ការចោទប្រកាន់​នេះ ប៉ុន្តែ នៅ​មិនទាន់​ទំនាក់ទំនង​បាន ។បឋម

You may have missed