Thu. Mar 28th, 2024

រថយន្តបែនដឹកដីធុនធំបុកម៉ូតូសណ្ដោងរុឺម៉ក ស្លាប់១នាក់របួសធ្ងន់១នាក់

រថយន្តបែនដឹកដីធុនធំបុកម៉ូតូសណ្ដោងរុឺម៉ក ស្លាប់១នាក់របួសធ្ងន់១នាក់

(ភ្នំពេញ) ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបើករេចង្លូតទៅបុកម៉ូតូសណ្ដោងរុឺម៉កកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ កែងច្រកចូលបុរីពិភពថ្មី កួរស្រូវ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃើញបុរស២នាក់បានជិះម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងដឹកអីវ៉ាន់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិចដោយមានល្បឿនមធ្យម ខណៈជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក DAEWOO ប្រភេទបែនដឹកដីធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-7153 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាមកបុកចំពីមុខម៉ូតូសណ្ដោងរុឺម៉កពេញទំហឹង រថយន្តបង្កហេតុខូចខាតផ្នែកខាងមុខតិចតួច ចំណែកម៉ូតូសណ្ដោងរុឺម៉កបានបាក់ក រងការខូចខាត។ ដោយឡែកបុរស២នាក់ដែលជិះលើម៉ូតូសណ្ដោងរុឺម៉កនោះបានរងរបួសធ្ងន់ធ្ងរ ហើយបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ហើយមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់មកបកស្លាកឡូហ្គោរបស់ក្រុមហ៊ុនចេញពីរថយន្ត តែត្រូវសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន ។

នគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

You may have missed