ភ្នំពេញ ៖ ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទើបបង្ក្រាបហើយ មិនទាន់បាត់ក្តៅគូថផង ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើរចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ផងដែរ។
កន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈដែលទីតាំង ជល់មាន់ មានទាំងល្បែងបៀរ និងអាប៉ោង ខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលម្ចាស់ទីតាំងមាន ឈ្មោះ ឆើត ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លាជាងមុនទៅទៀត។
ហើយបើតាមប្រភពពីអ្នកចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ ចំណែកចាក់បៀរ និងអាប៉ោងវិញ ក៏មិនតិចដែរ គឺចូលខ្ទង់ពាន់ដូចគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោរកញ្ច្រៀវ។
មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ-សង្កាត់ មានសុវត្ថិភាព តែបែរជាក្នុង ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។
បើតាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។
កន្លងមក លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាបរាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថាអត់មានទេ តែធាតុពិតមានបើកលេងយ៉ាងចំហរតែម្តង។
ពាក់ព័ន្ធល្បែងស៊ីសងក្នុង មូលដ្ឋានខណ្ឌមានជ័យ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ រាល់ពេលដែលអ្នកសារព័ត៌មាន ខល ទៅសម្ភាសន៍ លោកតែងតែនិយាយថា រាប់រយនាក់ហើយដែលខលមកសម្ភាសន៍លោក ពាក់ព័ន្ធបញ្ហានេះ។
មហាជនមានការងឿងឆ្ងល់ថា ទីតាំងខាងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់ហើយមើលទៅ?៕










More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់