ស្ទឹងត្រែង៖ ក្រុមហ៊ុន សៀម៉ុន ខេមបូឌា អហ្រ្គីខល់ឈ័រ ដែលមានឧកញ៉ា លឹម សុផាត ជាតំណាង បានដឹកឈើកែច្នៃនាំចេញចំនួន៩រថយន្តវេអង ដោយនាំចេញតាមច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ ដោយរលូន នៅថ្ងៃទី១៩ សីហា ២០១៩នេះ ខណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា កំពុងបញ្ចេញកណ្តាប់ដៃដែក បើកយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេស។
ការនាំឈើកែច្នៃចេញក្រៅប្រទេស ពីសំណាក់ក្រុមហ៊ុន សៀម៉ុន ខេមបូឌា ក្នុងវេលានេះ ទោះមានច្បាប់ត្រឹមត្រូវក៏ដោយ ក៏សកម្មជនព្រៃឈើថា វាជាការផ្គើនយ៉ាងចំហ លើសមត្ថភាពរបស់គណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ឈើទាំង៩រថយន្តវេអងនេះ ជាឈើកែច្នៃប្រភេទលេខ១និងលេខ២ ដឹកចេញពីក្រុមហ៊ុន សៀម៉ុន ខេមបូឌា ដែលមានទីតាំងក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅច្រកទ្វារត្រពាំងស្រែ ព្រំដែនប្រទេសវៀតណាម។
ក្រោយការឃាត់រថយន្តដឹកឈើទាំង៩គ្រឿង នៅចំណុចផ្លូវកែង៨៨ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ សមត្ថកិច្ចចម្រុះដឹកនាំដោយកម្លាំងគណកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ រកឃើញថា ឈើទាំងអស់នេះមានច្បាប់ដឹកជញ្ជូនត្រឹមត្រូវ ចេញពីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងក្រុមហ៊ុនមានច្បាប់អនុញ្ញាត ពីក្រសួងពាណិជ្ជកម្ម ឲ្យនាំឈើកែច្នៃចេញក្រៅប្រទេសផដែរ។
លោកឧត្តមសេនីយីត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា បានជាសមត្ថកិច្ចចម្រុះ ឃាត់រថយន្តដឹងឈើទាំងអស់ត្រួតពិនិត្យផ្ទៀងផ្ទាត់នេះ មូលហេតុក្រុមហ៊ុន នៅមិនទាន់បានបំពេញឯកសារនីតិវិធីនាំចេញ ដែលចេញដោយស្ថាប័នគយច្រកទ្វារព្រំដែនត្រឹមត្រូវនៅឡើយទេ កាលពីល្ងាចថ្ងៃទី១៨ សីហានេះ។
លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក ថា ស្ទើរតែគ្រប់ក្រុមហ៊ុន ចិន វៀតណាម ឬ ក្រុមហ៊ុន កូរ៉េក្តី តែងស្រក់ទឹកមាត់ សំឡឹងមើលឃើញតែ ផលប្រយោជន៍ពីព្រៃឈើ ដ៏មានតម្លៃរបស់ខ្មែរយើង។
ពួកគេតែងតែរិះរកមធ្យោបាយ គ្រប់បែបយ៉ាង ធ្វើយ៉ាងណា ប្រមូលឈើទាំងនេះ ឲ្យខានតែបាន។ ការរត់ពន្ធឈើ ទោះបីជាមានឯកសារនាំចេញ បានបំពេញគ្រប់សព្វមែន តែសមត្ថកិច្ចនៅមិនទាន់មានឯកសារ និងប្រភពច្បាស់លាស់ ថាឈើទាំងនោះ ស្របច្បាប់ ឬខុសច្បាប់នោះទេ។
ច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុននាំឈើ ដែលកែច្នៃចេញក្រៅប្រទេស ប៉ុន្តែឈើទាំងនោះ ភាគច្រើនត្រូវបានសង្ស័យថា លួចកាប់មកពីតំបន់ការពារ ដែលរដ្ឋបាល ព្រៃឈើ តែងតែចេញ (PC ) លិខិតនាំចេញ ដោយមិនបានត្រូវពិនិត្យប្រភពឈើ ឲ្យបានច្បាស់លាស់ផង។
មិនតែប៉ុណ្ណោះមន្ត្រីរដ្ឋបាលព្រៃឈើ អាចជា អ្នកឃុបឃិត ក្នុងការជួយសំរួលមធ្យោបាយឯកសារផ្លូវច្បាប់ ក្នុងការរត់ពន្ធឈើ ជាមួយក្រុមហ៊ុនឯកជន ផងដែរ។
លោក អ៊ូច ឡេង បានសំណូមពរឲ្យរាជរដ្ឋាភិបាល បិទរោងចក្រអារឈើ សិប្បកម្មកែច្នៃឈើ ជាពិសេស ការចេញ PC ឲ្យដឹកជញ្ជូនឈើ នេះតែម្តង ដោយលោកយល់ឃើញថា ប្រព័ន្ធត្រួតពិនិត្យ តាមដាន អង្កេត លើរោងចក្ររបស់ក្រុមហ៊ុន នៅមានកំរិតទាប ហើយជាពិសេស ក្រុមហ៊ុនរកស៊ីឈើទាំងនោះ បានបិទរបងហាមឃាត់ ដាក់កុងត្រូលយាមកាមយ៉ាងតឹងរ៉ឹង មិនឲ្យមានការចេញចូល ទៅតាមដាន ឃ្លាំមើល ឬ ស៊ើបអង្កេត យកពត៌មាន ពីក្រុមហ៊ុនទាំងនោះ បានជាដាច់ខាត។ ជាក់ស្តែងកន្លងមក ទម្រាំតែថ្នាក់ជាតិដឹង និងបានធ្វើការចុះបង្ក្រាប ក្រុមហ៊ុនរកសុីឈើទាំងនោះ តែប្រើវិធីទុច្ចរិត ប្រព្រឹត្តល្មើសច្បាប់ គឺព្រៃឈើរាប់ម៉ឺនហិកតា ក្នុងមួយឆ្នាំៗ បានបាត់បង់ អស់ទៅហើយ ពោលគឺមិនអាចឲ្យព្រៃឈើខ្មែរ វិលមកស្ថានភាពដើមវិញឡើយ។
ទោះជាយ៉ាងណា មកដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃនេះ គេនៅមិនទាន់ដឹងថា សមត្ថកិច្ចចម្រុះសម្រេចយ៉ាងណានៅឡើយទេ ចំពោះសកម្មភាពដឹកជញ្ជូនឈើ យកទៅលក់នៅប្រទេសវៀតណាម របស់ក្រុមហ៊ុន សៀម៉ុនខេមបូឌានេះ។
ពាក់ព័ន្ធករណីខាងលើ អង្គភាពមិនអាចស្វែងការបំភ្លឺ ពីភាគីពាក់ព័ន្ធបានទេ។ ទោះយ៉ាងណា អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺ ២៤/២៤ម៉ោង រៀងរាល់ថ្ងៃធ្វើការ៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង