Thu. Nov 21st, 2024

រដ្ឋាភិបាលសិង្ហបុរី គ្រោងពិចារណាក្នុងការដាក់ចេញច្បាប់ថ្មី ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស

សិង្ហបុរី ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋអាជ្ញា​សិង្ហបុរី ​លោក Edwin Tong បាននិយាយនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញថា រដ្ឋាភិបាលសិង្ហបុរីនឹងពិចារណាធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ថ្មី​ ដើម្បីប្រឆាំងទប់ស្កាត់​​ចំពោះការជ្រៀត​ជ្រែកពីបរទេស ដែលមានគោលដៅ​ចង់​បង្ក​បញ្ហា និងបំផ្លិចបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ​នៃប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia។

លោក Tong បានធ្វើការឡើងខាងលើជាការឆ្លើយតបក្នុងនាមនាយករដ្ឋមន្រ្តី Lee Hsien Loong ចំពោះសំណួររបស់​សមាជិកសភាសិង្ហបុរី លោកស្រី Cheng Li Hui ដែលបាន​ចោទសួរអំពីមេរៀនអ្វីខ្លះដែលសិង្ហបុរីអាចរៀនសូត្របានពីឧទាហរណ៍នៃករណីលូកដៃ​របស់​បរទេសនៅក្នុងដំណើរការបោះឆ្នោតក៏ដូចជាកិច្ចនយោបាយ ដែលបានកើតមានចំលើ​ប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក និងបារាំង​ជា​ដើម ហើយ​តើវាមានភាពចាំបាច់ដែរឬទេ ក្នុងការដាក់ចេញច្បាប់ថ្មីៗ ឬក៏ពង្រឹងច្បាប់នានាដែលមានស្រាប់ ដើម្បីដោះស្រាយការ​គំរាម​កំហែងនេះ។

លោក Edwin Tong បានលើកឡើងដូច្នេះថា «​ក្នុងឆ្នាំនេះរដ្ឋាភិបាលនឹងធ្វើការពិចារណា​បង្កើត​ច្បាប់​ទាក់​ទិន​នឹងបញ្ហានៃការផ្សព្វផ្សាយ​ព័ត៌​មាន​បំភ្លៃ​​ដោយចេតនាតាមបណ្តាញអ៊ីនធើណែត ក៏ដូចជាយុទ្ធនាការជះឥទ្ធិពលរបស់បរទេសដែលអាចគំរាមកំហែងដល់​សន្តិ​សុខ​ជាតិ​​របស់​ប្រទេស​យើង»

ជុំវិញបញ្ហានៃការជ្រៀតជ្រែកពីបរទេស លោក Tong បានរម្លឹកថា សិង្ហបុរីធ្លាប់បានជួបបញ្ហានេះប៉ុន្មានដងមកហើយ តួយ៉ាងកាលពី​ទសវត្ស៍៧០ សារព័ត៌មានសិង្ហបុរីចំនួនពីរ បានទទួលសំណូកពីបរទេស ហើយព្យាយាមបំផ្លាញរដ្ឋាភិបាលរបស់ខ្លួន។ ករណីផ្សេង​ទៀត​ រួមមាន លោក Huang Jing ជាអតីតសាស្រ្តចារ្យ​​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ដែលត្រូវបានបណ្តេញ​ចេញ​ពីសិង្ហបុរី បន្ទាប់ពីត្រូវគេរកឃើញថា លោកបានដើរតួនាទីជាដៃជើងបម្រើឲ្យ​បរទេស ដើម្បីជះឥទ្ធិពលក្នុងប្រទេសសិង្ហបុរីជាដើម៕

You may have missed