Thu. Nov 21st, 2024

អាជ្ញាធរថៃផ្អាកប៉ុស្តិ៍ទូរទស្សន៍មួយមិនឲ្យដំណើរការរយៈពេល១៥ថ្ងៃ ខណៈការបោះឆ្នោតសាកលកាន់ខិតតែជិតមកដល់

បាងកក ៖ អាជ្ញាធរនិយតករទូរគមនាគមន៍​នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ​ក្រោម​ហេតុផលបញ្ហា​សន្តិសុខជាតិ ខណៈដែលការបោះ​ឆ្នោត​សាកលនឹងប្រព្រឹត្តនាខែក្រោយ។ នេះបើតាមការផ្សាយចេញដោយសារព័ត៌មាន Channel News Asia។

គណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC) ​បាន​ឲ្យដឹងថា កម្មវិធីធំៗពីរបស់ប៉ុស្តិ៍ទូរទស្សន៍ Voice TV រួម​មាន ៖ Tonight Thailand និង Wake Up News បានចែកចាយព័ត៌មានដែលបង្កឲ្យ​សាធារណជនមានការភ័ន្តច្រឡំ និងខ្វែងគំនិតគ្នា ប៉ុន្តែមិនមានការបញ្ជាក់លម្អិតច្បាស់នោះឡើយ។ សម្អាងលើហេតុនេះ NBTC បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ Voice TV ​រយៈពេល១៥ថ្ងៃ ដើម្បីឲ្យ​ប៉ុស្តិ៍ទូរទស្សន៍នេះកែខ្លួនឲ្យត្រឹមត្រូវ។

ប៉ុស្តិ៍ទូរទស្សន៍ Voice TV គឺជាកម្មសិទ្ធិរបស់​កូនៗពីរនាក់របស់​​លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង​នៅ​ឆ្នាំ២០០៦ ហើយកំពុងរស់នៅឯ​ក្រៅប្រទេសដោយការនិរទេសខ្លួន ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីរត់គេចការចោទប្រកាន់ពីបទពុករលួយ​ ដែលលោកបានអះអាងថា មានចេតនានយោបាយនៅពីខាងក្រោយ។

ប៉ុស្តិ៍ទូរទស្សន៍ខាងលើកន្លងមកក៏ធ្លាប់ត្រូវបានបិទ០២ដងមកហើយផងដែរ ដោយលើកទីមួយនៅពីរថ្ងៃមុនរដ្ឋប្រហារយោធា​ឆ្នាំ២០១៤ ដែលបានធ្វើឲ្យ​ប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ​ដែលបច្ចុប្បន្ន​កំពុងស្ថិតនៅឯ​ក្រៅប្រទេសថៃដូចគ្នា ជ្រុះ​ចេញ​ពី​កៅអី​នាយក​រដ្ឋមន្រ្តី ហើយមួយលើកទៀតនៅឆ្នាំ២០១៧។

សូមជម្រាបថា ថៃនឹងធ្វើការបោះឆ្នោតសកលលើកដំបូងគិតចាប់តាំងពី​​រដ្ឋប្រហារឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ៕

You may have missed