
ទំព័រហ្វេសប៊ុកព្រះបរាមរាជវាំងបានផ្សព្វផ្សាយពីសំណេររៀបរាប់ពីស្ថានភាពព្រះរាជអាការរបស់ព្រះបាទនរោត្តមសីហនុ មុនពេលស្តេចយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ នៅយប់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១២ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គចាប់ផ្តើមចាប់ចុកព្រះឱរាព្រះហទយៈ (បេះដូង) ភ្លាមៗជាបន្ទាន់នោះ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រមទាំងកូនចៅចាំគាល់បម្រើ ហ្លួង នៅក្រុងប៉េកាំង បានយាង សម្តេចឪ ចាកចេញពីព្រះរាជដំណាក់ទីក្រុងប៉េកាំង ទៅកាន់មន្ទីរពេទ្យក្រុងប៉េកាំង។ នេះបើបណ្តាញសង្គមរបស់ព្រះបរមរាជវាំង Royal du Cambodge បានសរសេរដោយដកស្រង់នូវសំណេររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ អំពីអាការ ព្រះបាទនរោត្តមសីហនុ មុនសោយព្រះទិវង្គតនៅក្នុងមន្ទីរពេទ្យនៃប្រទេសចិន។សំណេរដដែលឲ្យដឹងថា នៅក្នុងមន្ទីរពេទ្យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ក៏បានយកទូរស័ព្ទ ទៅថ្វាយ ព្រះបរមរតនកោដ្ឋ ទ្រង់ព្រះសណ្តាប់ ព្រះរាជបន្ទូលរបស់ ព្រះរាជបុត្រ ហើយ ព្រះអង្គញញឹម និង មានព្រះរាជឱង្ការ ពីរ បី ព្រះឱស្ឋ ដោយសារតែព្រះអង្គប្រឈួនខ្លាំង។ នេះជាលើកចុងក្រោយបំផុតនៃព្រះជន្មព្រះបរមរតនកោដ្ឋ ដែលព្រះអង្គមានព្រះរាជឱង្ការជាមួយព្រះរាជបុត្រ (ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី)។ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ បានប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ១៩២២ និង បានយាងចូលទិវង្គត កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់គ្រងរាជបល្ល័ង្ករហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក ទ្រង់គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។ ស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ដែលគេមិនអាចបំភ្លេចបានមួយទៀត គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីបារាំងសេស៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់