Fri. Apr 18th, 2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់មន្ត្រី​នាំយកព្រះរាជអំណោយ​ដ៏ថ្លៃថ្លា​របស់​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​​ ជូនដល់ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទេីបសម្រាលកូន​ ១២២គ្រួសារ​ រស់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ​)​ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៤​ ខែតុលា​​ ឆ្នាំ​២០១៩​ នេះ​​​ បានចាត់ឱ្យ​មន្ត្រីនាំយកព្រះរាជអំណោយ​ដ៏ថ្លៃថ្លារបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ រួមជាមួយនឹង​អំណោយរបស់កាកបាទក្រហមកម្ពុជា​ ផ្តល់ជូន​ស្ត្រីមានផ្ទៃពោះ​ និងស្ត្រីទេីបសម្រាលកូន​ ដែលមានជីវភាពលំបាក​ចំនួន​ ១២២គ្រួសារ​ រស់នៅ​ឃុំភក្តី​ និងឃុំផុង នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងនាម​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ បានពាំនាំនូវព្រះរាជបន្ទូលរបស់​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា​ ដែលព្រះអង្គបាន​ផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិត​ស្រឡាញ់ដ៏ជ្រាលជ្រៅ​ និងតែងតែគិតគូរពីការរស់នៅរបស់ប្រជានុរាស្ត្រ​ដែល​ ជាកូន​ ជាចៅ​ ចៅទួត​របស់ព្រះអង្គ​ជានិច្ច។ ទន្ទឹមនឹងនេះ​ លោកជំទាវអគ្គលេខាធិការរងទី​១​ បានគូសបញ្ជាក់ថា​ ជាមួយនឹងការឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ​ ជាពិសេសក្នុងទិវា​ ៨​ ឧសភា​ នោះ​ កាកបាទក្រហមកម្ពុជា​ តែងតែ​ទទួលបានការប្រោស​ព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន​ ១,០០០ដុល្លារអាមេរិក​ ជារៀងរាល់ខែ​ ពី​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​​ និងព្រះរាជទ្រព្យចំនួន​ ៣,០០០ដុល្លារអាមេរិក​ ជារៀងរាល់ត្រីមាស​ ពី​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រមទាំងការ​ប្រោសប្រទានក្នុងឱកាសផ្សេងៗទៀតផង។

ជាមួយគ្នា​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ​នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ក៏សូមផ្តាំផ្ញេីជូនប្រជាពលរដ្ឋទាំងអស់​ ជាពិសេស​ បងប្អូន​ក្មួយៗជាស្ត្រីមាន​ផ្ទៃពោះ​ និងអ្នកដែល​ទេីបសម្រាលកូន ត្រូវ​យកចិត្តទុកដាក់​ថែទាំសុខភាពឱ្យបានល្អ​ ពិនិត្យផ្ទៃពោះឱ្យបានទៀង​ទាត់​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងត្រូវសម្រាលកូន​នៅមណ្ឌលសុខភាព​ដែលមានពេទ្យ-ឆ្មបជំនាញ​ ដេីម្បីសុវត្ថិភាព​ ​និងទប់ស្កាត់ការចម្លង​ជំងឺនានា។ ជាមួយគ្នានេះ​ សូម​បំបៅកូនដោយ​ទឹកដោះ​ម្តាយយ៉ាងហោចណាស់ឱ្យបាន​៦ខែ​ដំបូង​ និងផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់​ ជាពិសសត្រូវ​ថែទាំ​និង​ចាក់ថ្នាំបង្ការ​ជំងឺ ដល់កុមារឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់​សៀវភៅណែនាំ។

បន្ថែមពីនេះ​ លោកជំទាវ​អគ្គលេខាធិការរងទី​១​ ក៏បានពាំនាំនូវសេចក្តីអំពាវនាវពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូន​ប្រជាពលរដ្ឋទាំងអស់​ សូមបន្តខិតខំប្រកប​របរ​ចិញ្ចឹមជីវិត​ដោយក្តីរីករាយ​ និងចូលរួមថែរក្សា​ ការពារសុខសន្តិភាព​ ការពារ​ «ជាតិ​ សាសនា​ ព្រះមហាក្សត្រ» ដែលជាបាវចនាជាតិដ៏រុងរឿង​ ហេីយជៀសវាងរាល់​ការឃោសនា​អគតិនានា​ដែលបំផ្លាញសុភមង្គល​ ភាពសម្បូរសប្បាយ​រុងរឿងរបស់ប្រជាជន​ និងប្រទេសជាតិយេីង។

សូមបញ្ជាក់ថា​ គ្រួសារនីមួយៗទទួលបាន​ សាប៊ូដុំ​ ៣ដុំ​ និងសាប៊ូទឹកបោកខោអាវ​ ១ដប​ និងភួយ១​ ជាព្រះរាជអំណោយ​របស់​សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រមទាំង​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មីយេីង​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ ១ឃីត​ និងថវិកា​ ១ម៉ឺនរៀល​ ជាអំណោយរបស់​កាកបាទក្រហមកម្ពុជា​៕

You may have missed