Fri. Apr 18th, 2025

សម្តេច ហេង សំរិន អនុញ្ញាតឱ្យទូតគុយបាផុតអាណត្តិចូលជួបសម្តែងការគួរសម និងជំរាបលា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (HE. Mr. Juan de Jesús Hidalgo-Gato Péres ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់លោកបានរួមចំណែកដ៏ធំធេងក្នុងការបន្តរពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសយើងទាំងពីរ កម្ពុជា-គុយបា ឱ្យកាន់តែរឹងមាំ រីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថាគុយបា ជាប្រទេសមួយ នៅក្នុងចំណោមប្រទេស មិនច្រើនទេលើពិភពលោក ដែលធ្លាប់បានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្រោយបានរំដោះ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ឆ្នាំមុន។ ក្នុងដំណាក់កាលជាបន្តបន្ទាប់ គុយបាក៏បានបន្តរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា រហូតដល់បច្ចុប្បន្ន ធ្វើឱ្យកម្ពុជា ចាត់ទុកគុយបាជាមិត្តដ៏ល្អ នៅគ្រប់កាលៈទេសៈ។

សម្តេចប្រធានរដ្ឋសភាបានសម្តែងការពេញចិត្ត និងគាំទ្រចំពោះលទ្ធផលជាផ្លែផ្កា ដែលប្រសូត្រចេញពីការខិតខំប្រឹងប្រែងរបស់លោក ក៏ដូចជាឯកអគ្គរដ្ឋទូតគុយបាមុនៗ ក្នុងការធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទំាងពីរ មានការរីកចម្រើនជាបន្តរបន្ទាប់។

លោក ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េសបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា រដ្ឋាភិបាល និងប្រជាជនគុយបាមានក្តីសោមនស្សរីករាយណាស់ដោយសង្កេតឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ គុយបា-កម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា នៅឆ្នាំក្រោយនេះទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា គុយបាគឺមានអាយុកាល៦០ឆ្នាំហើយ ដែលទាំងនេះគឺបានបញ្ចាក់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះលោកបានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលតែងតែគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនគុយបាគ្រប់កាលៈទេសៈដោយលោកបានបញ្ចាក់ថា សម្តេចប្រធានគឺជាមិត្តល្អរបស់គុយបា៕

You may have missed