
បើតាមវិទ្យុបារាំងអន្តរជាតិRFIចេញផ្សាយឲ្យដឹងថាក្រុមសមត្ថកិច្ចចម្រុះបំពាក់ដោយ អាវុធគ្រប់ដៃ ត្រូវបានដាក់ពង្រាយឲ្យឈរជើងនៅព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យតាំងពីថ្ងៃ២៥តុលាមកនេះ។ សកម្មភាពនេះបានកើតមានឡើងនៅមុនពេលក្រុមលោក សម រង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃ។យោងតាមរូបភាពវីដេអូត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២៥តុលា បង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មានទាំងកងរាជអាវុធ និងទាហានរាប់សិបនាក់ផងនោះ ត្រូវបានដាក់ឲ្យឈរជើងពុះចែកទ្រូងផ្លូវជាពីរចំណែក ចាប់ពីគល់ស្ពានថ្មមួយកន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ។ គឺជាច្រកទ្វារអន្តរជាតិដ៍សំខាន់មួយដែលមានពលរដ្ឋនៃប្រទេសទាំងពីរចេញចូលរាប់ពាន់ក្នុងមួយថ្ងៃៗ។ក្រុមកម្លាំងប្រដាប់អាវុធទាំងនោះ ដែលក្នុងដៃកាន់អាវុធប្រៀបដូចជាប្រុងប្រយុទ្ធបានសំឡឹងមិនដាក់ភ្នែកទៅកាន់អ្នកដំណើរមានទាំងកម្មករអូសរទេះផងដែរដោយតម្រូវឲ្យដោះមួកចេញ។ សកម្មភាពនេះបានកើតមុនពេលដែលក្រុមគណបក្សប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី ប្រកាសនាំពលករខ្មែរនៅប្រទេសថៃអមដំណើរលោកវិលចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាចំថ្ងៃបុណ្យឯករាជ្យជាតិ។សម្រាប់សកម្មជនបក្សប្រឆាំងដូចជា លោក ម៉ន ផល្លា ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសថៃ បានអះអាងថា ទោះបីជាកម្លាំងប្រដាប់អាវុធបង្ហាញសាច់ដុំយ៉ាងណាក៏ដោយក៏មិនអាចទប់ស្កាត់ចរន្តចង់ឲ្យមានការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋបានទេ។ នេះបើតាមសាររបស់អតីតប្រធានប្រតិបត្តិរាជធានីភ្នំពេញរបស់បក្សប្រឆាំងរូបនេះ។ គិតត្រឹមថ្ងៃទី ២៦ តុលា យ៉ាងហោចណាស់សកម្មជនអតីតគណបក្សប្រឆាំងចំនួន៥៨នាក់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងជិត២០០នាក់ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយកំពុងរត់ភៀសខ្លួន។យ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ សម្តេចស ខេង បានចេញមកការពារចំណាត់ការរបស់សមត្ថកិច្ចដែលបាននិងបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងកន្លងមកនេះថាជា«វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ»។តែកាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃបានចុះផ្សាយអត្ថបទវិភាគរបស់ខ្លួនមួយកាលពីថ្ងៃទី២៦តុលា ដោយបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធ្វើការសម្របសម្រួលជាមួយគណបក្សប្រឆាំង ដែលសំដៅដល់ក្រុមលោក សម រង្ស៊ី ដែលប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកាតាមច្រកប្រទេសថៃ។បើតាមកាសែតបាងកកប៉ុស្តិ៍ លទ្ធផលនៃការបោសសំអាតនយោបាយរបស់លោក ហ៊ុន សែន ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិក្នុងរយៈពេលកន្លងមកនេះបានធ្វើឲ្យ លោក ហ៊ុន សែន ទទួលនូវអ្វីដែលគាត់ចង់បាន។ប៉ុន្តែគាត់បានបន្សល់ទុកនូវអនាគតនៃប្រទេសនិងប្រជាជននៅ«ក្នុងភាពវង្វេងស្មារតី»៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់