នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៨ បច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកអឹម ភឿន និងលោកស្រី ជូ ស្រីមុំ រស់នៅភូមិស្ពានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀមបានរាយការណ៍ជូនអង្គពិធីជ្រាបពីដំណើរការសាងសង់ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួនទៀតដែលឯកឧត្តមប្រធានក្រុុមការងារ លោកជំទាវ និងសហការីបានយកចិត្តទុកដាក់និងគិតគូដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាជាបន្តបន្ទាប់ដូចជាបញ្ហាកង្វះខាត ជួសជុលផ្លូវថ្នល់ ប្រឡាយទឹក គ្រោះថ្នាក់ចរាចរ គ្រោះធម្មជាតិ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រាជនពិការនិងស្រ្តីមេមាយទីទាល់ក្រខ្សត់។លោកបន្ថែមថាក្រោមម្លប់សុខសន្តិភាពដ៏ប្រពៃដែលបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាលនិងស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសប្បុរសធម៌ ស្មោះសរ គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាធំពីសំណាក់ឯកឧត្តមប្រធានក្រុមការងារ និងសហការីបានធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀមមានក្តីរំភើប សប្បាយរីករាយ និងរស់នៅដោយសុខដុមរមនា។
បន្ទាប់ពីមតិស្វាគមន៍និងសំណេះសំណាលយ៉ាងមានអត្ថន័យរបស់ឯកឧត្តមអភិបាលខេត្តជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកតំបែរ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនបងប្អូនទាំងអស់ ដោយសម្តេចទាំងទ្វេតែងតែបារម្ភ និងចង់ដឹងអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើង និងសូមចូលរួមអបអរសាទរដល់លោកអឹម ភឿន និងភរិយាដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យអ្នកទាំងពីរ និងបងប្អូនប្រជាជនយើងទាំងអស់ជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។ភ្ជាប់ជាមួយសមិទ្ធផលនាថ្ងៃនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះអនុគណស្រុកកំពង់សៀម ឯកឧត្តម សមាជិកក្រុមការងារ និងសប្បុរសជនទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាជូនលោកអឹម ភឿន និងភរិយាបានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាព និងសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូនខ្មែរយើង។ លោកក៏បានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា ការពារឲ្យបាននូវសុខសន្តិភាពនេះ ហើយចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ និងបន្តកម្មវិធីហូបអំបូកសន្តិភាពទូទាំងប្រទេស (អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ)។សូមជម្រាបថា ផ្ទះសប្បុរសធម៌ទី៨នេះ ក្រៅពីទទួលបានការឧបត្ថម្ភថវិកាពីឯកឧត្តមប្រធានក្រុមការងារ ក៏មានសប្បុរសជនជាច្រើនបានចូលរួមដោយក្តីសប្បុរសផងដែរ ពីសំណាក់ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះអនុគណស្រុកកំពង់សៀម ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ លោក លោកស្រីសមាជិក សមាជិកាក្រុមការងារ និងសប្បុរសជនជិតឆ្ងាយ៕
More Stories
ពិធីបើកកាដ្ឋាននិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ
លោក ងួនបញ្ញា នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោល ទ្បោម៉េង ហួត អនុប្រធាននគរបាលចរាចរណ៍សណ្ដាប់ធ្នាប់សារធារណះនៃក្រសួងមហាផ្ទៃនិងលោកជំទាវ គឹម សុីវទ្បានាំស្បៀងមួយចំនួនជួយគ្រួសារក្រីក្រ
ពិធីបុណ្ប ឆ្លង សាលាឆទាន និង អា ស្រម លោក តាយិញ នៅភូមិព្រៃគៀវ ឃុំកំពង់ចកស្រុករំដួលក្រោម អធិបតីភាព ឯកឧត្ដម មាស ចក់ ទីប្រឹក្សាក្រសួងមហាផ្ទៃ នឹង លោក ពេជ្រ ដា អគ្គនាយក ក្រុមហ៊ុន ដា ពេជ្រ លែន