Wed. Dec 4th, 2024

ភ្នំពេញ​៖​ មុខសញ្ញា​ចោរលួច​រថយន្ដ​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ ក្រោយ​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ដ​ Prius​ មួយ​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ស្វាយប៉ាក​ សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ ប្រតិបត្តិការ​បង្ក្រាប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ផ្លូវ​៣៧០​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​,​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ អ៉ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រង​ ទទួល​ផែន​កណ្ដាល​នគរបាល​យុត្តិធម៌​ និង​មានការ​ចង្អុលបង្ហាញ​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​លោក​វរសេនីយឯក​ ជាវ​ វិបុល​ បាន​បញ្ជាក់​ថា​ ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​ប្រធាន​នាយកដ្ឋាន​ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​មាន​លោក​វរសេនីយ៍ទោ​ ហែម​ បូ​ណា​ នាយការិយាល័យ​ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា​បាន​ និង​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​តែ​ម្ដង​ ដែល​ជនសង្ស័យ​ឈ្មោះ​ Phan​ Van​ Ho​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​វៀតណាម​ កាន់​លិខិតឆ្លងដែន​លេខ​ C4563131​។​

​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ បាន​ឲ្យ​ដឹង​ថា​ រូបគេ​ពិតជា​បាន​លួច​រថយន្ដ​ Prius​ ពណ៌​ស​ ស្លាក​លេខ​ភ្នំពេញ​ 2Y-8393​ ពិតប្រាកដ​មែន​។​ ជនសង្ស័យ​បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​រថយន្ដ​ប្រើប្រាស់​ស្មា​ត​ឃី​ ចាប់ពី​ស៊េរី​ឆ្នាំ​២០០៩​ចុះ​ក្រោម​ មិន​ពិបាក​លួច​នោះ​ទេ​ ដោយ​ប្រើ​ពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ​ ព្រោះ​គេ​មាន​ឧបករណ៍​គ្រប់គ្រាន់​ ទាំង​ឧបករណ៍​ផ្ដាច់​ GPS​ និង​ឧបករណ៍​ភ្ជាប់​ជាមួយ​ស្មា​ត​ឃី​ ដែល​សម្ភារ​ទាំងនេះ​គេ​យក​មក​ពី​ប្រទេស​វៀតណាម​។​

​ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន​ ដែក​កាច់​សោរ​រថយន្ត​០១,​ ឧបករណ៍​ផ្តាច់​ប្រព័ន្ធ​ GPS​ ចំនួន​០១​គ្រឿង​,​ ឧបករណ៍​សម្រាប់​ភ្ជាប់​ជាមួយ​ស្មា​ត​ឃី​ ចំនួន​០១​គ្រឿង​,​ ដែក​កាច់​សោ​សូឡិច​ ចំនួន​០១​ និង​រថយន្ត​របស់​ជន​រង​គ្រោះ​ ម៉ាក​ Prius​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Y-8393​។​

​លោក​វរសេនីយ៍ឯក​ ជាវ​ វិបុល​ បាន​អះអាង​ថា​ ជនសង្ស័យ​ដែល​បង្ក្រាប​បាន​នេះ​ ជា​មុខសញ្ញា​គ្រោះថ្នាក់​បំផុត​ ដោយ​រូបគេ​មានមុខរ​បរជា​ជាង​សោ​ ហើយ​មាន​ទាំង​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព​ ពិសេស​ការ​លួច​រថយន្ដ​ស្មា​ត​ឃី​។​ បច្ចុប្បន្ន​ជនសង្ស័យ​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​។​

​ជាមួយ​គ្នា​នេះ​ ជន​រង​គ្រោះ​ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​តុលាការ​ ដើម្បី​ផ្ដន្ទាទោស​មុខសញ្ញា​លួច​រថយន្ដ​នេះ​ឲ្យ​បាន​តឹង​រឹង​បំផុត​ ហើយ​ក៏​បាន​អរគុណ​ដល់​ កម្លាំង​ជំនាញ​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដែល​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជនសង្ស័យ​៕

You may have missed