Fri. Apr 18th, 2025

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទាំងយប់កណ្តាលអាធ្រាត្រ ក្រោយពីលាន់ឮសម្លេងធ្លាក់យ៉ាងខ្លាំង លុះពេលចេញទៅមើល ក៏ឃើញមាននារីម្នាក់ ដែលជាជនជាតិចិនម្នាក់ បានធ្លាក់ចុះពីលើអគារខុនដូរខ្ពស់មួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នារីជាជនជាតិចិនខាងលើ មានវ័យជាង២០ឆ្នាំ ដោយក្នុងនោះ គេពុំទាន់ដឹងថា នាងបានធ្លាក់ពីលើជាន់ទីប៉ុន្មាននោះទេ ហើយក៏ពុំដឹងថា ផ្តើមចេញពីករណីអ្វី ទើបបណ្តាលឱ្យនាងធ្លាក់ចុះមកក្រោមស្លាប់យ៉ាងដូច្នោះដែរ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ភ្លាមៗ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនាំ។ ប៉ុន្តែក្នុងនោះ គេនៅពុំទាន់ដឹងថា ករណីខាងលើនេះ ជាករណីអត្តឃាតលោតសម្លាប់ខ្លួន ឬជាករណីឃាតកម្មនោះទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្រ។

ចំពោះជនជាតិចិន២នាក់ ដែលសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួននោះ គេនៅពុំទាន់ដឹងថា ពួកគេអាចនឹងមានជាប់ពាក់ព័ន្ធអ្វី ជាមួយការស្លាប់របស់នារីជនជាតិចិន ខាងលើនោះឡើយ រង់ចាំសមត្ថកិច្ចធ្វើការសាកសួរនាំជាបណ្តោះអាសន្នសិន៕

You may have missed