Thu. Nov 21st, 2024

នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ។ សូមបញ្ជាក់ថា៖ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់ភាគីទាំងពីរនៅក្នុងវិស័យកសិកម្ម និងដោយមើលឃើញពីតម្រូវការចាំបាច់សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនិងការអភិវឌ្ឍធនធានមនុស្ស និងដោយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរលើវិស័យកសិកម្ម។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហការគ្នាក្នុងវិស័យដូចខាងក្រោម៖
1. ផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្នុងតំបន់ និងអភិវឌ្ឍន៍
ជនបទ
2. ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយកសិកម្មក្រៅប្រទេស
3. ផ្លាស់ប្តូរអ្នកជំនាញក្នុងវិស័យដែលពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើបច្ចេកទេសនិងព័ត៌មានដែលពាក់ព័ន្ធនឹងកសិកម្ម និងការស្រាវជ្រាវរួមគ្នាក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្មរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្មនៃប្រទេសទាំងពីរ។
4. កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍កសិកម្មសំដៅធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងប្រទេសទាំងពីរ
5. ជំរុញការផ្លាស់ប្តូរបទពិសោធន៍រវាងសហគ្រាស និងទីភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសាធារណៈនិងឯកជន
6. ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពរួមមានដី ទឹក និងធនធានសេនេទិច
7. កិច្ចសហប្រតិបត្តិការក្នុងការបង្កើនផលិតភាពកសិកម្ម គ្រឿងយន្តកសិកម្ម និងយុទ្ធសាស្ត្រមុន និងក្រោយពេលប្រមូលផល
8. កិច្ចសហប្រតិបត្តិការដើម្បីសម្របសម្រួលដល់ការវិនិយោគឯកជនក្នុងវិស័យកសិកម្ម
9. ការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការលើចំនុចដែលចាប់អារម្មណ៍ផ្សេងទៀត ដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ភាគីទាំងពីរ។ដើម្បីធ្វើទំនាក់ទំនងនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារក្រុមការងារដែលមានប្រធានមួយរូប មានឋានៈជាប្រធាននាយកដ្ឋាន ធ្វើជាសហប្រធានដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ភាគីនីមួយៗនឹងចាត់តាំងលេខាធិការទំនាក់ទំនងម្នាក់ឱ្យទទួលខុសត្រូវការងារទាក់ទងនឹងកិច្ចប្រជុំក្រុមការងារ។ កិច្ចប្រជុំក្រុមការងារនឹងត្រូវធ្វើឡើងជាប្រចាំនៅសាធារណរដ្ឋកូរ៉េ និងនៅព្រះរាជាណាចក្រកម្ពុជារៀងរាល់០២ (ពីរ) ឆ្នាំម្តងឬលើសពីនេះបើចាំបាច់ដោយភាគីទាំងពីរ។ កាលបរិច្ឆេទ ទីតាំង និង របៀបវារៈនៃការប្រជុំនីមួយៗនឹងត្រូវសម្រេចរួមគ្នាជាមុន ។ក្នុងឱកាសនេះផងដែរ ឯកឧត្តម Kim Hyeon-Soo បានបញ្ជាក់ថា ភាគីកូរ៉េបានអនុម័តរួចហើយនូវការអនុញ្ញាតិអោយនាំចូលស្វាយពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដូច្នេះក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជានឹងអាចនាំចូលស្វាយមកកូរ៉េបានហើយ។
ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណដល់ភាគីកូរ៉េ នូវដំណឹងល្អសម្រាប់ការនាំចូលស្វាយនេះ ហើយឯកឧត្តម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីកូរ៉េថែមទៀត លើការធ្វើទំនើបកម្មកសិកម្ម នៅកម្ពុជា ដើម្បីផ្លាស់ប្តូរនូវពិសោធន៍ដែលកសិកម្មកូរ៉េបានឆ្លងកាត់។ ឯកឧត្តម Kim Hyeon-Soo បានស្វាគមន៍នូវសំណើររបស់កម្ពុជា ដោយសន្យានឹងជួយដល់ការអភិវឌ្ឍន៍លើការដាំដំណាំក្នុងផ្ទះកញ្ចក់ (Green House ) ដែលអាចធានាដល់ការផលិតបន្លែបានគ្រប់រដូវ ការពារសត្វល្អិត និងមានគុណភាពខ្ពស់ឆ្លើយតបតាមស្តង់ដារ និងទីផ្សារ ដើម្បីជំរុញផលិតកម្មលើដំណាំបន្លែក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះព្រោះឆ្លើយតបចំគោលដៅដែលក្រសួងបាន និងកំពុងធ្វើ និងឆ្លើយតបទៅលើតម្រូវការដែលក្រសួងកសិកម្មកម្ពុជាកំពុងតែយកចិត្តទុកដាក់ដើម្បីជួយលើកកំពស់កំរិតជីវភាពរបស់កសិកអោយឆ្លើយតបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជាអោយក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាយ៉ាងស៊ីជំរៅលើកិច្ចសហប្រតិបត្តិការបច្ចេកទេសលើចំនុចជាច្រើនក្នុងគោលដៅធ្វើយ៉ាងណាអោយវិស័យកសិកម្មនៃប្រទេសទាំងពីរកាន់រីកចម្រើន។ កិច្ចពិភាក្សាប្រកបដោយសេចក្តីរីករាយ ភាតរៈភាព និងមានភាពស្និទស្នាលជាទីបំផុត៕

You may have missed