
បាត់ដំបង ៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងកាលពីវេលាម៉ោង២២ និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្រុមទី២៤ ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ផ្ទះដែលត្រូវភ្លើងឆេះខាងលើមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ សោម វ៉ាន់ដេត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ផ្ទះដែលត្រូវបានភ្លើងឆេះខាងលើទំនងអាចគេលួចដុតច្រើនជាងព្រោះនៅមុនពេលកើតហេតុម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធមិនបាននៅផ្ទះនោះទេ ដោយបានបិទគុបភ្លើង និងចាក់សោផ្ទះចោលរួចនាំគ្នាទៅដេកចាំផ្ទះអោយបងប្អូន លុះនៅវេលាម៉ោង២២ និង៤០នាទីក៏ស្រាប់តែមានការភ្ញាក់ផ្អើលដោយអគ្គិភ័យឆាបឆេះផ្ទះតែម្តង។
ប្រភពដដែលបានបន្តថា មូលហេតុដែលគេដាក់ការសង្ស័យមានអ្នកលួចដុត ព្រោះកន្លងមកនៅអំឡុងខែ១០ ផ្ទះរងគ្រោះខាងលើមានគេមកលួចចាក់សាំងប៉ុនប៉ងដុតម្តងរួចមកហើយ តែត្រូវបានម្ចាស់ដឹងខ្លួនទាន់ ទើបតែពេលនេះគ្រាដែលម្ចាស់ផ្ទះមិននៅក៏ស្រាប់តែមានអគ្គិភ័យកើតឡើងតែម្តងទាំងដែលម្ចាស់ផ្ទះបានបិទគុបភ្លើងចោលផងនោះ។
សមត្ថកិច្ចបានបន្តអោយដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានចេញនាំយករថយន្តពន្លត់អគ្គិភ័យរបស់អធិការចំនួន០១គ្រឿងចុះអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់មួយឡានទើបអាចគ្រប់គ្រងស្ថានការទាំងស្រុងមិនអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។
ក្រោយកើតហេតុសមត្ថកិច្ចបានសាកសួរ និងធ្វើកំណត់ហេតុសរុបការខូចខាតរួមមាន៖ ផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង, ម៉ូតូចំនួន០២គ្រឿង, គោយន្តកន្ត្រៃចំនួន០១គ្រឿង, អង្ករចំនួន១០ការ៉ុង, ទូទឹកកកចំនួន០១គ្រឿង, ទូខោអាវចំនួន០៣ ,ទូកញ្ចក់ចំនួន០១, ទូឈើចំនួន០៣, ប្រាក់ខ្មែរចំនួន ១,១០០,០០០៛(មួយលានដប់ម៉ឺនរៀល), ខ្សែកមាសចំនួន១តម្លឹង ១ជី សរុបជាទឹកប្រាក់ទាំងអស់(លុយខ្មែរចំនួន ២,៦០០,០០០៛ (ពីរលានហុកសិបម៉ឺនរៀល) , លុយបាតចំនួន ៧៨.៨០០បាត (ប្រាំពីរម៉ឺនប្រាំបីពាន់ប្រាំបីរយបាត) លុយដុល្លារចំនួន ៤៤១០ដុល្លារ(បួនពាន់បួនរយដប់ដុល្លារ ) ផងដែរ។
មូលហេតុនៃការឆេះរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់