នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី “ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIREដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួម ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងអង្គការ IFAD នាយកគម្រោង មន្រ្តីអនុវត្តគម្រោង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី ASPIRE AIMS & S-RET បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីសាវតាររបស់គម្រោងនិងសមិទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបាននារយ:ពេលកន្លងមក បញ្ហាដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោង និងបានរំលេចអំពីផែនការ និងទិសដៅសម្រាប់អនុវត្តបន្តផងដែរ។ ឯកឧត្តមបានឲ្យដឹងថាកម្មវិធីនេះបានគ្របដណ្តប់លើខេត្តចំនួន២០ ប៉ុន្តែថ្ងៃនេះខេត្តគោលដៅចំនួន១២ បានទទួលទោចក្រយានយន្តចំនួន ៤៩៦គ្រឿង រួមទាំងកុំព្យូទ័រ ៣៨២ គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀតយកទៅចែកជូនភ្នាក់ងារផ្សព្វផ្សាយឃុំនៅតាមខេត្តគោលដៅទាំងនោះមានខេត្តកំពង់ស្ពឺ ប៉ៃលិន សៀមរាប បន្ទាយមានជ័យ កំពង់ធំស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តតាកែវ។ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមូលនិធិIFADដែលបានគាំទ្រនិងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចដែលឯកឧត្ដមមាស ពិសិដ្ឋ បានរាយការណ៍។ ឆ្លៀតយកឱកាសនេះ លោកបានលើកឡើងដោយសង្ខេបអំពីប្រវត្តិនៃជំនួយហិរញ្ញវត្ថុរបស់អង្គការ IFAD មកក្រសួងចាប់តាំងពីកម្ពុជាបានចូលជាសមាជិក IFAD នៅឆ្នាំ១៩៩២ ហើយចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកទល់បច្ចុប្បន្ន IFAD បានផ្តល់ជំនួយហិរញ្ញប្បទានតាមរយៈការ អនុវត្តគម្រោងអភិវឌ្ឍវិស័យកសិកម្មជាច្រើនដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិត ជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកសាងសមត្ថភាពរបស់មន្រ្តីអនុវត្តគម្រោង ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈ និងឧត្តមគតិជាតិ និងប្រជាជនជាធំ និងជាពិសេសស្របតាមគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ ៖ ទី១. ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូចចំនួន១៤៤ ០០០ គ្រួសារដែលស្ថិតក្នុងខេត្តគោលដៅរបស់គម្រោង និង ទី២. ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មបែបចិញ្ចឹមជីវិតទៅជាកសិកម្មបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។ យោងលើសមិទ្ធផលយ៉ាងធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញ លេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩-២០២៣ ក្នុងទិសដៅគោលគឺទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារកសិករ និងធ្វើយ៉ាងណាវិវឌ្ឍន៍ខ្លួនឲ្យទាន់ទៅហ្នឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងបរិបទនៃ “បដិវត្តន៍ឧស្សាហកម្មទី៤”។ដោយឡែក ទាក់ទងនឹងកម្មវិធី ASPIRE នេះ លោកបានណែនាំឲ្យអង្គភាពអនុវត្តគម្រោងត្រូវធ្វើបច្ចុប្បន្នភាពគោលដៅ គោលបំណង និងសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យស្របទៅនឹងការ វិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងស្ថានភាពសេដ្ឋកិច្ចក្នុងបរិបទនៃសាកលភាវូបនីយកម្ម។ អង្គភាពជំនាញ មន្រ្តី និងភ្នាក់ងារអនុវត្តកម្មវិធីទាំងអស់ត្រូវរៀនសូត្របន្ថែមទៀតអំពីបទពិសោធន៍ បញ្ហាប្រឈម ចំណុចខ្លាំងចំណុចខ្សោយដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងដឹកនាំនិងអនុវត្តគម្រោងឲ្យសម្រេចទទួលបានជោគជ័យ។កម្មវិធីនេះពិតជារួមចំណែកក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្រ្តដូចបានលើកឡើងខាងដើមនេះក៏ពិតមែន ប៉ុន្តែដើម្បីឲ្យការអនុវត្តកម្មវិធីកាន់តែមានប្រិសទ្ធភាព និងប្រសិទ្ធផលថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាព ធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជ រដ្ឋាភិបាល។ លោកក៏បានផ្តាំផ្ញើមន្រ្តីផ្សព្វផ្សាយត្រូវយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ទោចក្រយានយន្ត និងសម្ភារនេះឲ្យបានសមស្របក្នុងស្មារតីទទួលខុសត្រូវខ្ពស់.
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង