Thu. Nov 21st, 2024

នៅរសៀលថ្ងៃដដែលឯកឧត្តមវេងសាខុនប្រធានក្រុមការងារអមដំណើរដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាសក្រុងកំពង់ចាម។កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប ពោតបារាំង និងឱឡឹក។ល។ ពួកគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារទទួលបានបច្ចេកទេសដាំដុះថ្មីៗ ល្អ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ សត្វល្អិត ប្រើប្រព័ន្ធដំណក់ទឹក កាត់ បន្ថយកំលាំងពលកម្ម ចំណេញពេល បានទិន្នផលខ្ពស់ ធានាបានគុណភាព សុវត្ថិភាពស្របតាមអ្វីដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន។ កត្តាទាំងអស់នេះ បានជួយឲ្យពួកគាត់មានមុខរបរច្បាស់លាស់ និរន្តរភាពនៃចំណូលគ្រួសារ ហើយតាមរយ:ការពង្រីកផលិតភាពផលិតកកម្មនេះ គ្រួសារភាគច្រើនទទួលបានចំណូល ៥០០០ដុល្លារ/ឆ្នាំ និងមួយចំនួនទៀតបាន ២-៣ពាន់ដុល្លារ/ឆ្នាំរួចទៅហើយនាពេលបច្ចុប្បន្ន។បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ ហើយនេះគឺការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗមកអនុវត្ត ផលដំណាំ និងប្រាក់ ចំណូលកើនឡើង ជីវភាពធូរធារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជ រដ្ឋា ភិបាល ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។ លោកបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋ កិច្ចក្នុងគ្រួសារ។ដូច្នេះលោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារនេះធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើក កម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ៕

You may have missed