Sat. Apr 19th, 2025

កាល​ពី​រសៀល​ថ្ងៃទី៥ខែធ្នូម្សិលមិញនេះសម្តេចឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្ពុជា​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​សហ​ភាព​អឺរ៉ុបជុំវិញ​បញ្ហា EBA យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ១២ ខែធ្នូ ខាង​មុខ​នេះ​ការលើកឡើងបែបនេះបន្ទាប់​ពីបញ្ចប់​សិក្ខា​សាលា​ជាតិស្ដី​ពី​ការ​រៀប​ចំ​ផែន​ការ​សកម្មភាពនិងថវិកា​ឆ្នាំ​២០២០ នៃ​គណៈ​កម្មា​ធិការ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។តាម​សម្តេច ស ខេង ក្រសួង​មហាផ្ទៃ​បាន​បញ្ចូន​របាយ​ការណ៍​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​ការ​បរទេស​រួច​ហើយ ខណៈ​ក្រសួង​ផ្សេង​ទៀត ដែល​មាន​ការ​ពាក់​ព័ន្ធ​ក៏​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​ការ​បរទេស​ដែរទាក់​ទង​ទៅ​នឹង​ការ​ពិត​របស់​កម្ពុជា​។
គួរបញ្ជាក់ដែរ​ថា សហគមន៍​អឺរ៉ុប(EU) កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញ​សេចក្តី​ថ្លែង​ការណ៍ជា​លើកទី​២ ដោយ​ទុក​រយៈ​ពេល​មួយ​ខែឲ្យរដ្ឋាភិបាលកម្ពុជា ​ធ្វើឆ្លើយ​តបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ដែលបានលើកឡើងជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស និងសិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​នេះ មុន​នឹង EU ​សម្រេច​ថា​ត្រូវព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជាឬយ៉ាងណា?។ យោង​តាម​នីតិ​វិធី ការ​សម្រេច​ចិត្ត​របស់​សហ​ភាព​អឺរ៉ុបថា​តើ​នឹង​ត្រូវ​ព្យួរ​ទាំង​ស្រុងឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​កម្ពុជានឹង​ត្រូវ​ធ្វើ​ឡើងនៅ​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០​២០ខាង​មុខនេះ​៕

You may have missed