Thu. Nov 21st, 2024

ជំនួបរវាងអ្នកសារព៍ត័មានជាមួយសម្ដេចតេជោហ៊ុុនសែនក្នុងឆ្នាំនេះអញ្ជេីញរដ្ឋមន្រ្តីគ្រប់ក្រសួងនឹងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ឲ្យចូលរួមដែរ

ភ្នំពេញ ថ្ងៃទី១០​ ខែមករា ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន និង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើក​ទី​៤ នៅក្នុងឆ្នាំ២០២០នេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង រួមទាំងសមាជិក​ក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឱ្យចូលរួមផងដែរ ដែលមានការខុសប្លែកពីជំនួបកាលពីលើក​មុនៗ។ នេះបើ​តាម​ការលើកឡើង​របស់​ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជា​អគ្គ នាយក នៃអគ្គនាយកដ្ឋាន​ព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានបានប្រាប់​ទីភ្នាក់​​ងារ​សារ ព័ត៌មានកម្ពុជា AKP នាព្រឹកថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២០។

ឯកឧត្ដម ផុស សុវណ្ណ បានគូសបញ្ជាក់ថា សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន​ជាមួយ​សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៤ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ខាងមុខ នឹងមាន​អ្នក​សារព័ត៌មានចូលរួមប្រមាណជិត៥,០០០នាក់។ ប៉ុន្ដែសម្រាប់ជំនួបលើកនេះ គឺមានការខុស​ប្លែកពីជំនួបកាលពីលើកមុនៗបន្ដិច ដោយមានការអញ្ជើញរដ្ឋមន្រ្ដីគ្រប់ក្រសួង និងសមាជិក​ក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកចូលរួមដែរ ដើម្បីឱ្យបានស្គាល់គ្នារវាងថ្នាក់ដឹកនាំ​តាមក្រសួង ស្ថាប័ន ជាមួយអ្នកសារព័ត៌មាន។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ​យើង​ក៏អញ្ជើញរដ្ឋមន្ត្រីតាមក្រសួង ស្ថាប័ន និងអ្នកនាំពាក្យតាមក្រសួង ស្ថាប័នផង ហើយអ្វី​ដែល​ពិសេសនោះគឺ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏ចូលរួមផងដែរ”។

ឯកឧត្ដមអគ្គនាយកក៏បានបន្ដថា រហូតមកដល់ពេលនេះក៏មានឥស្សជនមួយ​ចំនួន​នៅមិនទាន់ប្រាប់ឱ្យដឹង និងបញ្ជាក់ពីការចូលរួមនៅឡើយ សម្រាប់ជំនួបជាមួយសម្តេច​តេជោ​នេះ។ តែទោះបីយ៉ាងណាក៏ដោយ គិតមកដល់ថ្ងៃទី១០ ខែមករានេះ​ខាងក្រសួង​ព័ត៌​មាននឹង​ពិនិត្យការបូកសរុប ដើម្បីបញ្ចប់ចំពោះវត្តមានក្នុងការទទួលអ្នកចូលរួមក្នុងកម្មវិធី​ជំនួប​​ជាមួយ​សម្តេចតេជោ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០តែម្តង។ ឯកឧត្ដមបានបន្ដ​ទៀតថា ក្នុងជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាននេះ អ្នកដែលចួល​រួម មិនមែនតែអ្នកសារព័ត៌មានទាំង​អស់នោះទេ។ ប៉ុន្តែអ្នកទាំងនោះគឺជាអ្នកធ្វើ​ការទាក់ទង​នឹង​វិស័យព័ត៌មានដូចជាអ្នកនាំពាក្យ​នៅគ្រប់​ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នក​នាំ​ពាក្យរាជធានី ខេត្ដ និង​អ្នកនាំពាក្យតាមមន្ទីរាជធានី ខេត្ដ ដែលសរុបទាំងអស់​ប្រមាណ​ជិត​៥,០០០នាក់។

ឯកឧត្ដម ផុស សុវណ្ណ ក៏បានបន្ថែមថា ជំនួបនេះ ក៏ផ្តល់ឱកាសឱ្យអ្នកនាំពាក្យនៅតាម បណ្តារាជធានី ខេត្ត បានស្គាល់អ្នកសារព័ត៌មាននៅតាមបណ្តាក្រសួង ស្ថាប័នធំៗ ដ៏ដូចជា អ្នកសារព័ត៌មាន នៅតាមខេត្ត ស្គាល់អ្នកសារព័ត៌មានដែលធ្វើការនៅទូរទស្សន៍ កាសែត វិទ្យុ ល្បីៗផងដែរ។ លើសពីនេះទៀត អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ ក៏បានស្គាល់អ្នក សារព័ត៌មាននៅតាមបណ្តាខេត្ត ក្នុងការពង្រឹងទំនាក់ទំនង ដើម្បីធ្វើយ៉ាងផ្ទៀងផ្ទាត់ព័ត៌មាន​គ្នាទៅវិញទៅមក។ ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា “ជំនួបនេះវាសំខាន់ណាស់ចំពោះអ្នក​សារព័ត៌មាន ក្នុងការជួបអ្នកសារព័ត៌មានបណ្តាលខេត្ត ដើម្បីធ្វើផ្ទៀតផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធ​នឹងវិស័យព័ត៌មាន ហើយយើងធ្វើព័ត៌មានត្រូវមានប្រភពព័ត៌មានច្រើនជាការល្អ ដើម្បីជាព័ត៌​មានសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម”។

ឯកឧត្ដមបានឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានអញ្ជើញអ្នកសារព័ត៌មាន មកពីគ្រប់​ផ្នែកបែបនេះដើម្បីឱ្យអ្នកសារព័ត៌មានកាន់តែយល់ និងផ្ទៀងផ្ទាត់ព័ត៌មានគ្នា ចៀសវាង​គេ​ចោទប្រកាន់ថា សរសេព័ត៌មាន ជេរតែរាជរដ្ឋាភិបាល ឬកាន់ជើងរាជរដ្ឋាភិបាលនោះ។

សូមជម្រាបថា នេះគឺជាជំនួបលើកទី៤ រវាងសម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈ​មណ្ឌល​​​កោះពេជ្រ រាជធានីភ្នំពេញ៕

You may have missed