Fri. Apr 18th, 2025

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណីផិតក្បត់ប្រពន្ធលួចមាន

ភ្នំពេញ ៖  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធករណីផិតក្បត់ប្រពន្ធលួចមានស្រី  ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

នៅក្នុងលិខិតរបស់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបទៅលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរីថា” ក្រសួងយុត្តិធម៌បានទទួលនូវលិខិតលេខ៦៥១ អយប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងស្តីអំពីការចោទប្រកាន់លើរូបលោក ជា ពេជ្រ ពីបទជិត ប្រព្រឹត្តនៅខេត្តរតនគិរី និងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៧ រហូតដល់ ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៧ អនុវត្តទោសមាត្រា១០ នៃច្បាប់ស្តីពីឯកពន្ធភាព តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣២៦០អយប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ យោងតាមមាត្រា៥៨ និងមាត្រា១០០ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ក្រសួង
យុត្តិធម៌ផ្អាកមុខងាររបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចរបស់តុលាការអំពីទោសជាស្ថាពរ”។

ការផ្អាកមុខងាររបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានធ្វើឡើងបន្ទាប់ពីអ្នកស្រី ហ៊ាន លក្ខិណា ភរិយាស្របច្បាប់ បានដាក់ពាក្យបណ្ដឹងប្ដឹងទៅតុលាការ និងប្ដឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យជួយអន្តរាគមន៍ អំពីករណី លោកជា ពេជ្រ ដែលជាស្វាមីរបស់អ្នកស្រី បានលួចផិតក្បត់មានស្រីចាងក្រៅផ្ទះ និងមិនព្រមចូលមកដោះស្រាយ។

អ្នកស្រី ហ៊ាន លក្ខិណា បានដាក់ពាក្យបណ្ដឹង ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្នើជួយអន្តរាគមន៍ឱ្យលោកព្រះរាជអាជ្ញា ជា ពេជ្រ ឈប់ប្រើអំណាចបុណ្យសក្តិ អំណាចប្រាក់គម្រាមកំហែងលើអ្នកស្រីដែលជាភរិយាស្របច្បាប់ ហើយសូមឱ្យចូលខ្លួនមកដោះស្រាយបញ្ជាផ្ទៃក្នុងគ្រួសារ (ការលួចមានប្រពន្ធចុង) ដោយសន្តិវិធី ។ 

You may have missed