Thu. Nov 21st, 2024

កម្ពុជានឹងមានរោងច្រកផលិតសំបកកង់យានយន្តជាលេីកដំបូងរួមនឹងរោងចក្រដំទ្បេីងរថយន្តក្រុង

ភ្នំពេញ៖ សាធារណៈរដ្ឋបេឡារុស គ្រោងនឹងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងដំឡើងរថយន្តក្រុង ក្នុងប្រទេសកម្ពុជា​ ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់។ នេះបើតាមការឲ្យដឹងពីមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាង កម្ពុជា-បេឡារុស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសទាំងពីរទទួលបានផ្លែផ្កាពីគ្នាជាច្រើនចំណុចលើការនាំចេញ និងនំាចូលផ្នែកវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេស បេឡារុសបានគ្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងសំបកយានយន្ដ នៅក្នុងប្រទេសកម្ពុជា រួមនិងផ្តោតលើវិស័យកសិកម្មផងដែរ។

លោកស្រី តឹករ៉េត កំរង បានបញ្ជាក់ថា “ភាគីកម្ពុជាក៏បានលើកទឹកចិត្តឱ្យភាគីបេឡារុសជំរុញការ នាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារបេឡារុស និងពិនិត្យលទ្ធភាពបង្កើត រោងចក្រដំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្ត ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់”។

លោកស្រី បានបន្ថែមថា ប្រទេសទាំងពីរបានឯកភាពគ្នានូវចំណុចមួយចំនួនគឺ៖ ទី១.លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមមានការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន សំបកកង់ ផលិតផលវាយណភ័ណ្ឌ ឧស្សាហកម្មធុនស្រាល ពីបេឡារុសមកកម្ពុជា និងការផ្គត់ផ្គង់កៅស៊ូធម្មជាតិ ផលិតផលកសិកម្ម និងអាហារសមុទ្រពីកម្ពុជា ទៅបេឡារុស។

លោកស្រី បានឲ្យដឹងថា ទី២. ការផ្គត់ផ្គង់ឱសថ និងគ្រឿងបរិក្ខារមកកម្ពុជា, ៣. វិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ៤. វិស័យអប់រំ និងវប្បធម៌, ៥. វិស័យទេសចរណ៍ និង៦. កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងមីនស្កផងដែរ។

លោកស្រីបានបន្ដថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស គឺជាមូលដ្ឋាន មួយដ៏សំខាន់ក្នុងការគាំទ្រ និងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ទំនាក់ទំនងវិស័យឯកជន និងធុរកិច្ចនានា។

គួរបញ្ជាក់ថា៖ ជោគជ័យទាំងអស់នេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានស្នើរួចម្តងក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស កាលចុងខែមិថុនា កន្លងទៅនេះ នៅទីក្រុងមីនស្ក សាធារណរដ្ឋបេឡារុស ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទាំងមូល រហូតទទួលបានផលផ្លែផ្កាជាវិជ្ជមានបន្តបន្ទាប់៕

 

You may have missed