ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ សិស្សានុសិស្ស ត្រូវទម្លាប់គោរពច្បាប់ចរាចរណ៍ ទោះប្រើម៉ូតូ កង់ និងកង់អាគុយ ត្រូវតែពាក់មួកសុវត្ថិភាព!
(ភ្នំពេញ) : ជាប្រការមិនគួរឱ្យបន្តកើតមានឡើយ ចំពោះករណីសិស្សានុសិស្សមួយចំនួន ដែលបាននឹងកំពុងប្រើប្រាស់ម៉ូតូ កង់ និងកង់អាគុយ ជាដើម ធ្វើដំណើរទៅ និងមកពីសាលារៀន ដោយមិនបានពាក់មួកសុវត្ថិភាព។ មិនគួរឱ្យកើតមាន ក៏ព្រោះតែវាជាការបញ្ជាក់ច្បាស់ថា ទម្លាប់មិនគោរពច្បាប់ចរាចរណ៍ បានកើតមានឡើងតាំងតែពីពេលសិស្សានុសិស្ស ដែលជាអ្នកបន្តវេន ទៅទទួលការអប់រំនៅសាលារៀនរួចទៅហើយ។ បញ្ហានេះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងទទួលស្គាល់ថា នៅបន្តកើតមាន និងត្រូវការការចូលរួមពីភាគីពាក់ព័ន្ធ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើប្រធានបទ ការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានមានប្រសាសន៍ថា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សារដ្ឋជាច្រើនហើយ បានអនុវត្តវិធានការវិន័យ និងអប់រំ ឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពពេលធ្វើណើរមកសាលារៀន ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ បើតាមលោកឧត្តមសេនីយ៍ឯក ទន្ទឹមនឹងមន្រ្តីអនុវត្តច្បាប់ សាលារៀន អាណាព្យាបាល និងសិស្សានុសិស្ស ត្រូវមានស្មារតីរួមមួយ ក្នុងការយកចិត្តទុកដាក់បណ្ដុះទម្លាប់គោរពច្បាប់ដើម្បីសុវត្ថិភាព។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានមានប្រសាសន៍ទៀតថា «មានសាលារៀនច្រើនហើយបានអប់រំ ឱ្យសិស្សចាប់ពីកុមារទៅចេះគោរពច្បាប់ចរាចរណ៍ ដូចជា៖ ការពាក់មួកសុវត្ថិភាព សីលធម៌បើកបរ និងរបៀបដើរឆ្លងផ្លូវជាដើម ប៉ុន្តែបញ្ហានេះមិនទាន់ធ្វើបានទូលំទូលាយ។ នេះជាបញ្ហាទាំងអស់គ្នា ទាំងយើងជាអ្នកអនុវត្តច្បាប់ សាលារៀន ឪពុកម្ដាយ គឺត្រូវចូលរួមចំណែក។ យើងឃើញក្មេងៗជិះកង់ពេញផ្លូវ យើងបារម្ភណាស់ មិនទាន់គិតម៉ូតូ និងកង់អាគុយផង ព្រោះគាត់មិនសូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន។ ដូច្នេះខ្ញុំស្នើសាលារៀន ជួយណែនាំឪពុកម្ដាយសិស្សានុស្សិស ឱ្យគាត់ទិញមួកសុវត្ថិភាព ឱ្យកូន ហើយជំរុញឱ្យពួកគេពាក់ឱ្យបានត្រឹមត្រូវ»។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននឹងកំពុងដាក់បញ្ចូលជាបន្តបន្ទាប់ នូវមេរៀនពាក់ព័ន្ធនឹងការលើកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ។ ចំណែកក្រសួងមហាផ្ទៃ ទន្ទឹងនឹងទទួលខុសត្រូវលើការងារជំរុញ និងអនុវត្តច្បាប់ នៅនីតិកាលទី៧ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រលយគំនិតផ្ដួចផ្ដើមក្នុងការរៀបចំសួនសុវត្ថិភាពចរាចរណ៍ ដើម្បីផ្ដល់ការអប់រំ បន្ថែមដល់សាធារជន និងសិស្សានុសិស្សផងដែរ។
គួរកត់សម្គាល់ដែរថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន ១ ២៩៦ករណី ក្នុងនោះ ៥៥% កើតឡើងនៅពេលយប់។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង ៧% ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន ៤០%?កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាព មាន ២៤% មិនប្រកាន់ស្ដាំ ៩%?និងមិនប្រយ័ត្ន ៨% បញ្ហាចរាចរណ៍ស្ថិតក្នុងចំណោមអាទិភាពទាំង ៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង