ភ្នំពេញ ៖ ជនត្រូវចោទដែលជាចោរកាច់កម៉ូតូ ត្រូវគេរាយការណ៍ថា បានលួចដោះខ្នោះដៃ និងរត់គេចខ្លួនបាត់ស្រមោលពីបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយសុវត្ថិភាពកាលពីម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។
ជនត្រូវចោទដែលបានលួចរត់មានឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអតីតមន្ត្រីនគរបាលរដ្ឋបាលបឹងទំពន់ រស់ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ជនត្រូវចោទត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅពេលដែលរូបគេធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា នៅពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ឡុង ជាប បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ពីបទលួច រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់។
ជនត្រូវចោទ បានលួចដោះខ្នោះដៃ និងរត់គេចខ្លួន នៅគ្រាដែលនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ កំពុងរងដីកាឃុំខ្លួនជនត្រូវចោទ ពីលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ការត់គេចខ្លួនរបស់ជនសង្ស័យ និងជនត្រូវចោទ នៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ មិនមែនទើបតែកើតឡើងនោះទេ ពោលគឺធ្លាប់កើតមានជាញឹកញយណាស់មកហើយ។
ក្រុមនគរបាលតម្រួបបទបញ្ជាប្រចាំតុលាការក្រុងភ្នំពេញ បានសំណូមពរឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និងពង្រឹងវិន័យលើក្រុមនគរបាលខណ្ឌ និងបណ្តាមន្ទីរ នាយកដ្ឋាន ដែលតែងតែនាំក្រុមជនសង្ស័យទៅតុលាការ ភាគច្រើនមិនស្លៀកពាក់ឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួននោះទេ ដែលជាហេតុនាំឲ្យ នគរបាលយាមតុលាការពិបាកកត់សម្គាល់ថា អ្នកណាជាជនសង្ស័យ និងអ្នកណាជាសមត្ថកិច្ច?៕



More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់